(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុម័តលើសេចក្តីប្រកាសបន្ទាន់មួយនៅក្នុងរដ្ឋផ្ល័ររីដា ហើយបញ្ជាឱ្យមានការជួយជ្រោមជ្រែងពីអាជ្ញាធររដ្ឋាភិបាលសហព័ន្ធ ដើម្បីគាំទ្របន្ថែមចំពោះ កិច្ចខិតខំប្រឹងប្រែងឆ្លើយតបស្ថានការណ៍ របស់អាជ្ញាធររដ្ឋ បន្ទាប់ពីអគារខុនដូរកម្ពស់១២ជាន់មួយ បានបាក់រលំមួយផ្នែក នៅជិតទីក្រុងម៉ៃអាមី (Miami) ដែលបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់ ១២នាក់រងរបួស និង ៩៩នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

សេតវិមានអាមេរិក បានគូសបញ្ជាក់ថា «សកម្មភាពរបស់លោកប្រធានាធិបតី ចូ បៃដិន បានអនុញ្ញាតឱ្យក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) អាចធ្វើការជួយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឆ្លើយតបនឹងមហន្តរាយនេះ»។ ខណៈនេះក្រុមភ្នាក់ងារសង្រ្គោះ កំពុងបន្តប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ នៅកន្លែងកើតហេតុ។

គួរបញ្ជាក់ថា អគារខុនដូ Champlain Towers South ដែលបានបាក់រលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដែលវាមានអាយុកាល ៤០ឆ្នាំហើយ ដោយមានបន្ទប់សរុប ១៣៦បន្ទប់ ហើយក្នុងចំណោមនោះ ៥៥បន្ទប់បានបាក់រលំ៕