(វ៉ាស៉ីនតោន)៖ នៅក្នុងសប្តាហ៍នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពមួយសន្លឹក នៃយានរ៉ូបូតចិន ជូរ៉ង (Zhurong) ដែលកំពុងស្ថិតនៅលើផ្ទៃភពអង្គារ ដែលត្រូវបានយកដោយផ្កាយរណប MRO កាលពីថ្ងៃទី១១ ខែមិថុនា ដោយនៅក្នុងរួបភាពនោះ គេសង្កេតឃើញយាន Zhurong បានធ្វើដំណើរឆ្ងាយគួរសម ចេញពីជើងទម្រចុះចតរបស់វា។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន Space News នារសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ផ្កាយរណប MRO របស់ NASA បានធ្វើប្រតិបត្តិការនៅជុំវិញភពអង្គារ តាំងតែពីឆ្នាំ២០០៦មកម៉្លេះ ដើម្បីសិក្សាអំពីសណ្ឋានដី និងការអភិវឌ្ឍរបស់ភពអង្គារ ព្រមទាំងបរិយាកាសរបស់វា រួមជាមួយការងារផ្សេងៗទៀត ដូចជាស្វែងរកសញ្ញានៃទឹកកកនៅទីនោះ, ស៉ើបរកមើលកន្លែងចុះចតល្អៗសម្រាប់បេសកកម្មពេលក្រោយៗទៀត និងបម្រើជាឧបករណ៍ផ្ទេរការទាក់ទង រវាងយានរ៉ូបូតរបស់ NASA នៅលើភពអង្គារ និងក្រុមការងារគ្រប់គ្រងពួកវានៅលើផែនដី។

ម៉្យាងវិញទៀតក្រៅពីការងារទាំងអស់ខាងលើ ផ្កាយរណប MRO ពេលខ្លះក៏តាមដានយានរ៉ូបូតនានា នៅលើផ្ទៃភពអង្គារម្តងម្កាលផងដែរ។ ជាច្រើនឆ្នាំមកនេះ MRO បានប្រើកាមេរ៉ាដែលមានសមត្ថភាពយ៉ាងខ្ពស់របស់វាហៅថា HiRISE ដើម្បីថតយករូបភាពយានរ៉ូបូតផ្សេងៗ ដូចជា ហ្វឺនិច (Phoenix), អ៊ីនសៃត៍ (InSight), ស្ពីរីត (Spirit), អាផតធ្យូនីធី (Opportunity), ឃារីយ៉ូស៊ីធី (Curiosity) និង ភើសេវើរិន (Perseverance) របស់ NASA ហើយចុងក្រោយគេនេះគឺយាន Zhurong របស់ប្រទេសចិន។

គួរបញ្ជាក់ថា យានរ៉ូបូត Zhurong ស្ថិតក្នុងផ្នែកនៃបេសកកម្ម ឆ្ពោះទៅកាន់ភពអង្គារជាលើកដំបូងរបស់ចិន ហៅថា Tianwen-1 ដែលបានទៅដល់គន្លងក្បែរភពក្រហមនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ យាន Zhurong ហើយនិងជើងទម្រចុះចតរបស់វា បានផ្តាច់ខ្លួនចេញពីផ្កាយរណបនៃបេសកកម្ម ធានវិន ១ ( Tianwen-1) កាលពីពាក់កណ្តាលខែឧសភាកន្លងទៅនេះ ហើយចុះចតនៅតំបន់មួយលើផ្ទៃភពអង្គារឈ្មោះថា យូថូភា ផ្លេនីធា (Utopia Planitia)៕