(ហ្សឺណែវ)៖ ចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបង្ហាញក្ដីកង្វល់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញនានា ដែលបង្កឡើងដោយការធ្វើអន្តរាគមន៍យោធា ក្រោមលេសសិទ្ធិមនុស្ស នៅឯសម័យប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលកំពុងប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក Jiang Duan ជារដ្ឋមន្ត្រីបេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ បានលើកឡើងថា បណ្ដាប្រទេសមួយចំនួនបានប្រើប្រាស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាលេសនៃការទទួលខុសត្រូវដើម្បីធ្វើអន្តរាគមន៍យោធាប្រឆំាងរដ្ឋអធិបតេយ្យដទៃ ដែលនេះជាទង្វើផ្ទុយនឹង ធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោក Jiang បន្ថែមថាសកម្មភាពបែបនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានច្បាប់អន្តរជាតិ, បំផ្លាញអធិបតេយ្យ និងបូរណភាពដែនដីនៃប្រទេសដទៃក៏ដូចជាបំផ្លាញសន្តិសុខ និងសន្តិភាពពិភពលោកទាំងមូលផងដែរ។ លោក Jiang Duan មិនបានលើកឡើងចំឈ្មោះប្រទេសដែលលោកថាបានប្រើប្រាស់លេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងការធ្វើអន្តរាគមន៍យោធាលើប្រទេសដទៃនោះទេ ប៉ុន្តែក្រុមអ្នកវិភាគខ្លះយល់ថាលោកចង់សំដៅលើសហរដ្ឋអាមេរិក៕