(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៣,៣៦៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣២៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤៦៤,៩៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៨,៦៨៥នាក់ និងជាសះស្បើយឡើងសរុប ២៨,៨៧១,៩១៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយថា វីរុសកូរ៉ូណា (COVID-19) បម្លែងខ្លួនថ្មី ឌែលតា (Delta) ឬ B16172 (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះការខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ជំងឺ COVID-19 នៅតាមព្រំដែនរបស់ខ្លួន។ ការប្រកាសបែបនេះ គឺជាការជំរុញឲ្យអ្នកមិនទាន់ចាក់វ៉ាក់សាំង ប្រញាប់រួសរាន់ទៅទទួលការចាក់ ព្រោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២០លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៧៨លាននាក់ (៥៤.២%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥០.៨លាននាក់ (៤៥.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕