(ញូដេលី)៖ ចំពោះមុខរលកនៃការឆ្លងរាតត្បាត វីរុស COVID-19 បម្លែងថ្មី Delta Plus ដែលអាចនឹងកើតឡើងទ្រង់ទ្រាយធំនោះ អ្នកជំនាញផ្នែកសុខាភិបាល និងស្រាវជ្រាវវេជ្ជសាស្ត្រនានា មកពីស្ថាប័នកំពូលៗដូចជា ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រ (ICMR) និងវិទ្យាស្ថានជាតិសិក្សាអំពីវីរុស (NIV) នឹងរៀបចំការសិក្សាមួយ ដើម្បីគណនាអំពីប្រសិទ្ធភាព នៃវ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានផលិតដោយឥណ្ឌាផ្ទាល់នាពេលកន្លងមក ថាតើវ៉ាក់សាំងទាំងនេះអាចប្រឆាំងនឹង COVID-19 បម្លែងខ្លួនថ្មី Delta Plus បានដល់កម្រិតណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១។

ការសិក្សាទ្រង់ទ្រាយធំខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ប្រទេសឥណ្ឌាបានប្រកាស កាលពីថ្ងៃពុធម្សិលមិញនេះថា ខ្លួនបានរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងថ្មីចុងក្រោយឈ្មោះ Delta Plus ចំនួនជាង ៤០ករណីនៅក្នុងរដ្ឋចំនួន ០៣ដូចជា មហារ៉ាស្ត្រា, គែរ៉ាឡា និង ម៉ាដយ៉ា ប្រាដែស ដែលត្រូវបានគេដឹងថា សុទ្ធតែជារដ្ឋបាននិងកំពុងរងការវាយលុកដោយវីរុស COVID-19 ធ្ងន់ធ្ងរស្រាប់ទៅហើយ។

វេជ្ជបណ្ឌិត ប្រាកយ៉ា យ៉ាដាវ (Pragya Yadav) ប្រធានមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៃ NIV បានថ្លែងយ៉ាងដូច្នេះថា «វីរុសបម្លែងខ្លួនថ្មី Delta Plus មានសមត្ថភាពអាចបង្កើនការចម្លង បានកាន់តែរហ័ស, សមត្ថភាពវាយលុយកោសិកាសួតកាន់តែខ្ពស់ និងសមត្ថភាពធ្វើឲ្យប៉ះពាល់់ដល់ប្រព័ន្ធភាពសុំា...។ Delta Plus អាចជាក្តីព្រួយបារម្ភមួយ ហើយការត្រួតពិនិត្យវាក្នុងកម្រិតខ្ពស់ គួរតែត្រូវរៀបចំឡើង ជាពិសេសទៅលើតំបន់ដែលកំពុងមានការរាតត្បាត ដើម្បីកាត់បន្ថយករណីឆ្លងរាតត្បាតវាបន្ថែមទៀត»។

បើតាមលោកស្រីវេជ្ជបណ្ឌិតដដែល ពាក់ព័ន្ធវីរុស COVID-19 បម្លែងខ្លួនថ្មីមុនគឺ Delta ភាពសុំាអាចត្រូវបានបង្កើតដោយវ៉ាក់សាំងឥណ្ឌា ដើម្បីទប់ទល់វីរុសប្រភេទនេះបាន ហើយបើទោះបីជាកម្រិតអង់ទីករ មានការធ្លាក់ចុះបន្តិចមែន ប្រឈមមុខនឹងវីរុសបម្លែងថ្មីពីមុនគឺ Delta ក៏វានៅតែគ្រប់់គ្រាន់ក្នុងការទប់ទល់ វីរុសនេះដដែល។ សម្រាប់វីរុសបម្លែងថ្មីចុងក្រោយគឺ Delta Plus វិញ លោកស្រីវេជ្ជបណ្ឌិត Pragya Yadav បានសន្និដ្ឋានថា វាក៏មានលក្ខណៈប្រហាក់ប្រហែងនឹង Delta ដែរ ប៉ុន្តែយើងត្រូវការពេលតាមដាន អំពីបម្រែបម្រួលរបស់វាបន្ថែមទៀត៕

គួរបញ្ជាក់ថា ការសិក្សាទ្រង់ទ្រាយធំខាងលើនេះ នឹងមានការត្រួតពិនិត្យ ទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំង COVAXIN និង Covishield ដែលត្រូវបានផលិត និងប្រើប្រាស់ក្នុងប្រទេសឥណ្ឌាផ្ទាល់។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ៣០លានករណី ក្នុងនោះស្លាប់ជិត ៣៩២,០០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឥណ្ឌាសម្រេចបាន ២៩០លានដូស ក្នុងនោះប្រជាជន ៥១.៣លាននាក់ ឬស្មើនឹង ៣.៨% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕