(ប៉េកាំង)៖ នៅរដូវរងាឆ្នាំ ១៩៦២ លោក Jiao Yulu សមាជិកបក្សកុម្មុយនិស្តចិន ត្រូវបានបញ្ជូនទៅធ្វើជាលេខាធិការទីពីរ នៃគណៈកម្មការបក្សប្រចាំស្រុក Lankao ខេត្ត Henan ប្រទេសចិនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះទុរភិក្ស។ នៅថ្ងៃទីមួយដែលគាត់បានចូលកាន់មុខតំណែង គាត់បានឃើញជនទុរ្ភិក្សជាច្រើននៅស្ថានីយរថភ្លើង ហើយអ្នកសុំទានជាច្រើននៅតាមផ្លូវ បានរត់ទៅកន្លែងផ្សេងទៀត គាត់មានអារម្មណ៍ធ្ងន់ធ្ងរ។

ដើម្បីផ្លាស់ប្តូរស្ថានភាពអន់ថយរបស់ស្រុក Lankao លោក Jiao Yulu ចុះទៅតំបន់មូលដ្ឋាន សួរសុខទុក្ខអ្នកក្រីក្រ សិក្សានិងរៀបចំផែនការមួយ ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយទាំងបី ដែលបានបំផ្លិចបំផ្លាញស្រុក Lan kao អស់រយៈពេលមួយសតវត្សរ៍ រួមមាន ព្យុះខ្សាច់ ទឹកជំនន់ និងដីមានជាតិអំបិល និងអាល់កាលី។ នៅពេលនោះ សម្ភារៈជួយសង្គ្រោះគ្រោះមហន្តរាយ ដែលផ្តល់ដោយរដ្ឋាភិបាលត្រូវបានដឹកជញ្ជូនទៅកាន់ស្រុក Lankao ប៉ុន្តែលោក Wu Rongxian លេខាធិការរងនៃគណៈកម្មការបក្សប្រចាំស្រុក និងជាចៅហ្វាយស្រុកដែលទទួលបន្ទុកការចែកចាយ បែរជាមិនខ្វល់ពីរឿងនេះទេ។

លោក Jiao Yulu បានដឹកនាំគណៈកម្មការបក្សប្រចាំស្រុកទៅដឹកសម្ភារៈ នៅស្ថានីយរថភ្លើង និងចែកចាយឱ្យជនរងគ្រោះធ្វើឱ្យលោក Wu Rongxian មិនពេញចិត្ត។ មិនជាយូរប៉ុន្មាន លោក Zhao ស្នងការនៃគណៈអភិបាលខេត្ត បានចុះទៅពិនិត្យការងារស្រុក Lankao ដោយផ្ទាល់ និងបានប្រកាសពីការផ្លាស់ប្តូរសមាសភាព ក្រុមការងារដឹកនាំគណៈកម្មការបក្សក្នុងស្រុក ដោយបានតែងតាំងលោក Jiao Yulu ជាលេខាធិការគណៈកម្មការបក្សប្រចាំស្រុក។ លោក Jiao Yulu មិនគិតពីជំងឺថ្លើមរបស់ខ្លួន បានទទូចធ្វើការនៅជួរមុខនៃ “ការគ្រប់គ្រងគ្រោះមហន្តរាយទាំងបី” ដោយដឹកនាំអ្នកស្រុក Lan kao ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ហើយទទួលបានការគាំទ្រពីសំណាក់មហាជន។

ដោយសារធ្វើការហួសកម្លាំងនិងហត់នឿយខ្លាំងពេក ប្រធានចាស់នៃសួនសាកវប្បកម្មស្រុកបានស្លាប់ ធ្វើឱ្យលោក Jiao Yulu ភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដើម្បីផ្លាស់ប្តូរស្ថានការណ៍ខ្វះខាតអាហារូបត្ថម្ភរយៈពេលយូរ របស់កម្មាភិបាលមូលដ្ឋាន ដូច្នេះលោក Jiao Yulu បានសម្រេចចិត្តបន្ថែមស្បៀងអាហារឱ្យពួកគេ។ តែមិននឹកស្មានដល់ថា ក្រោមការចាត់ចែងរបស់លោក Wu Rongxian មានគេប្តឹងទៅគណៈកម្មការខេត្ត។ លោកស្នងការ Zhao បានដឹកនាំក្រុមស៊ើបអង្កេតទៅស្រុក Lankao ដើម្បីស្វែងរកការពិត ។

មនុស្សរាប់រយនាក់បានឈរនៅមាត់ទ្វារបន្ទប់សន្និសីទ ដើម្បីសុំរកយុត្តិធម៌ឱ្យលោក Jiao Yulu ដែលធ្វើឱ្យឧបាយកលរបស់លោក Wu Rongxian ត្រូវបរាជ័យ។ មិនយូរប៉ុន្មាន ស្រុក Lankao បានជួបគ្រោះទឹកជំនន់ម្តងទៀត។ លោក Jiao Yulu ស៊ូទ្រាំនឹងការឈឺចាប់ថ្លើម ធ្វើការនៅជួរមុខ។ ដោយសារតែបំពេញការងារហួសកម្លាំងរយៈពេលយូរ លោក Jiao Yulu បានទទួលមុណភាពនៅព្រឹកថ្ងៃទី ១៤ ខែឧសភាឆ្នាំ ១៩៦៤ ក្នុងអាយុ ៤២ ឆ្នាំ ដោយសារជំងឺថ្លើម។
សាកសពរបស់លោកត្រូវបានបញ្ចុះ នៅលើភ្នំខ្សាច់ក្បែរដងទន្លេលឿង។ មនុស្សជិត ១០ ម៉ឺននាក់បានចូលរួមដង្ហែសពដោយស្ម័គ្រចិត្ត ដើម្បីបង្ហាញពីការគោរពស្រឡាញ់ និងការនឹករលឹកចំពោះលេខាធិការដ៏ល្អរូបនេះ៕