(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសចាត់ទុកវីរុសបម្លែងខ្លួនថ្មីហៅថា ឌែលតា ផ្លឹស (Delta plus) ជាវីរុស COVID-19 បម្លែងថ្មីដែលគួរឲ្យបារម្ភមួយ ហើយវាត្រូវបានរកឃើញ នៅតាមរដ្ឋមួយចំនួននៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថា វីរុសបម្លែងថ្មីនោះ ដែលនៅប្រទេសឥណ្ឌាគេហៅថា Delta plus មកទល់ពេលនេះ ត្រូវបានរកឃើញសរុបរាប់សិបករណីនៅក្នុងរដ្ឋចំនួន ០៣ដូចជា មហារ៉ាស្ត្រា (Maharashtra), គែរ៉ាឡា (Kerala) និង ម៉ាដយ៉ា ប្រាដែស (Madhya Pradesh) ជាដើម។ ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា វីរុសបម្លែងថ្មី Delta plus បានបង្ហាញពីសមត្ថភាពកើនឡើងក្នុងការចម្លង ហើយអាជ្ញាធរសុខាភិបាលបានណែនាំឲ្យរដ្ឋនានាបង្កើនការធ្វើតេស្ត។

គួរបញ្ជាក់ថា វីរុសបម្លែងថ្មី Delta plus នេះមានជាប់ទាក់ទង ទៅនឹងវីរុសបម្លែងថ្មីមួយទៀតហៅថា Delta ដែលរកឃើញដំបូងនៅឥណ្ឌា ប៉ុន្តែ Delta plus គឺត្រូវបានរកឃើញដំបូងបំផុតនៅអឺរ៉ុប កាលពីខែមីនាឆ្នាំនេះ និងនៅឥណ្ឌាកាលពីខែមេសា។

ក្រៅពីឥណ្ឌា វីរុសបម្លែងថ្មី Delta plus ត្រូវបានរកឃើញនៅប្រទេស ០៩ទៀត រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ព័រទុយហ្គាល់ ស្វីស ជប៉ុន ប៉ូឡូញ នេប៉ាល់ រុស្ស៉ី និង ចិន ប៉ុន្តែវីរុសបម្លែងថ្មី Delta វិញនាពេលនេះ បានរាលដាលដល់ប្រទេសយ៉ាងហោច ៨០ឯណោះ។ អ្វីដែលគ្រប់គ្នាត្រូវដឹងពី Delta Plus គឺវាមានសមត្ថភាពចម្លងលឿនរហ័សជាងវីរុស COVID-19 ទម្រង់ដើម៕