(វ៉ាស៉ីនតោន)៖ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយថា វីរុសកូរ៉ូណា (COVID-19) បម្លែងខ្លួនថ្មី ឌែលតា (Delta) ឬ B16172 (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមពីឥណ្ឌា) គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះការខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ជំងឺ COVID-19 នៅតាមព្រំដែនរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Fauci បានគូសបញ្ជាក់ថា «វីរុស COVID-19 បម្លែងខ្លួនថ្មី Delta គឺមានពិតជាមានសមត្ថភាពចម្លងលឿនរហ័ស មិនអាចប្រកែកបានពិតប្រាកដមែន បើប្រៀបធៀបទៅនឹងវីរុសដើមរបស់វា ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងបំផុត»

លោកវេជ្ជបណ្ឌិត Fauci បានគូសបញ្ជាក់ថា «ទោះជាយ៉ាងណា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក រួមទាំងវ៉ាក់សាំង Pfizer-BioNTech គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីនេះ។ យើងមានអាវុធសម្រាប់ការពារប្រឆាំងនឹងវា ដូច្នេះសូមប្រើប្រាស់វា ដើម្បីបង្ក្រាបការផ្ទុះឡើងនៃករណីឆ្លងរបស់វា ដែលអាចកើតមានឡើងជាបន្តបន្ទាប់ ច្រើនករណីបន្ថែមទៀតនោះ»

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អាជ្ញាធរសហព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រជាជនជាង ១៥០លាននាក់នៅសហរដ្ឋអាមេរិក ឬច្រើនជាង ៤៥ភាគរយនៃប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញរួចហើយ៕