(តេហេរ៉ង់)៖ ប្រទេសអ៉ីរ៉ង់នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី១៨ ខែមិថុនាសប្ដាហ៍នេះដោយមានបេក្ខជនឈរឈ្មោះ៧រូប ប្រជែងគ្នាយក តំណែងបន្តវេនពីប្រធានាធិបតីចាំផ្ទះលោក ហាស្សាន់ រូហានី។ លោក ហារូនីបានកាន់តំណែងជាប្រធានាធិបតីអ៉ីរ៉ង់ពីរអាណត្តិជាប់ៗគ្នាចាប់តាំងពី២០១៣មក តែបើតាម ច្បាប់អ៉ីរ៉ង់ លោកមិនអាចឈរឈ្មោះសម្រាប់អាណត្តិទី៣ឡើយ។

ក្នុងឆ្នាំ២០២១នេះ បេក្ខជនឈរឈ្មោះជាប្រធានាធិបតីអ៉ីរ៉ង់មាន៥៩២នាក់ ប៉ុន្តែមានតែ ៧រូបប៉ុណ្ណោះត្រូវបានជ្រើសរើសឱ្យឡើងដល់ការប្រកួតប្រជែងផ្ដាច់ព្រ័ត្រ។

បេក្ខជនប្រធានាធិបតីទាំង៧រូប ដែលសុទ្ធសឹងជាបុរសក្នុងនោះរួមមាន៖

*លោក សាអ៉ីត ចាលីលី (Saeed Jalili) – អតីតអ្នកចរចានុយក្លេអ៊ែរអ៉ីរ៉ង់
*លោក មូសិន រ៉េហ្សៃ (Mohsen Rezaei) – អតីតមេបញ្ជាការឆ្មាំបដិវត្តន៍អ៉ីរ៉ង់
*លោក អាលី រេហ្សា ហ្សាគីនី (Ali Reza Zakani) – អតីតសមាជិកសភា
*លោក អាមៀរ ហូសេន ហ្គាហ្ស៊ីហ្សាដែស (Amir Hossein Ghazizadeh) – សមាជិកសភា
*លោក មូសិន មេសរ៉ាលីហ្សាដែស (Mohsen Mehralizadeh) – អតីតអភិបាលខេត្ត
*លោក អាប់ឌុលណាស៊ែរ ហឹមម៉ាទី (Abdolnasser Hemmati) – នាយកធានាគារកណ្ដាលអ៉ីរ៉ង់
*លោក អ៉ីប្រាហ៊ីម រៃស៊ី (Ebrahim Raisi) – ប្រធានតុលាការអ៉ីរ៉ង់

*តើនរណានឹងជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ថ្មី?

ក្រុមប្រឹក្សាអាណាព្យាបាលអ៉ីរ៉ង់ (Guardian Council) បានទទួលការចុះឈ្មោះបេក្ខជនប្រធានាធិបតី ៥៩២នាក់ ហើយក្នុងចំណោមអ្នកទាំងនេះមានបេក្ខជនតែ៧រូប ប៉ុណ្ណោះត្រូវបានក្រុមប្រឹក្សាមួយនេះអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី១៨ ខែមិថុនានេះ ក្រោមការយល់ព្រមពីមេដឹកនាំ កំពូលអ៉ីរ៉ង់លោក អាយ៉ាតុលឡោះ អាលី ខាមីណៃ (Ayatollah Ali Khamenei)។

បើតាមក្រុមឃ្លាំមើលការបោះឆ្នោតអ៉ីរ៉ង់ លោក Ebrahim Raisi ដែលជាអ្នកអភិរក្សនិយមជ្រុលគឺជាបេក្ខជនឈានមុខគេដែលមានលទ្ធភាពខ្ពស់ មិនត្រឹមតែអាចនឹង ជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ប៉ុណ្ណោះទេ តែលោកក៏ត្រូវបានគេមើលឃើញថាជាអនាគតអ្នកបន្តវេនជាមេដឹកនាំកំពូលអ៉ីរ៉ង់ពីលោក ខាមីណៃផងដែរ។ ការយល់ឃើញ បែបនេះកើតមានឡើងបន្ទាប់ពីក្រុមប្រឹក្សាអាណាព្យាបាលអ៉ីរ៉ង់សម្រេចចិត្តហាមមិនឱ្យមនុស្សសំខាន់៣រូប ចូលរួមក្នុងការបោះឆ្នោតដូចជា អតីតអ្នកនាំពាក្យសភាអ៉ីរ៉ង់ លោក អាលី ឡារីហ្សានី (Ali Larijani), អតីតប្រធានាធិបតីអ៉ីរ៉ង់ លោក ម៉ាស់មូត អាស់ម៉ាឌីនេហ្សាត (Mahmoud Ahmadinejad) និងអនុប្រធានាធិបតីអ៉ីរ៉ង់បច្ចុប្បន្ន លោក អ៉ីសហាក ចាហាន់ហ្គីរី (Eshaq Jahangiri)។

អ្នកទាំងបីនាក់នេះជាគូប្រជែងដ៏ធំរបស់លោក Raisi ហើយស្ថិតនៅក្នុងចំណោមអ្នកមាននិន្ននាការនយោបាយកំណែទម្រង់និយម និងកណ្ដាលនិយម។ ដូច្នេះការជម្រុះ ពួកគេចេញពីការប្រកួតប្រជែង ជាការត្រួសត្រាយផ្លូវមួយទៅហើយឱ្យលោក Raisi ក្លាយជាបេក្ខជនឈានមុខគេដែលមានលទ្ធភាពខ្ពស់ជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ ខណៈបេក្ខជនដទៃទៀតត្រូវបានគេរំពឹងថាអាចនឹងដកខ្លួនពីការប្រកួតមុនថ្ងៃបោះឆ្នោត។

*តើលោក Ebrahim Raisi ជានរណា?

លោក Ebrahim Raisi មានអាយុ៦០ឆ្នាំ បច្ចុប្បន្នជាប្រធានតុលាការអ៉ីរ៉ង់ និងជាមនុស្សជំនិតម្នាក់របស់មេដឹកនាំកំពូលអ៉ីរ៉ង់លោក ខាមីណៃ។ លោក Raisi ក៏ធ្លាប់បាន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៧ផងដែរ ដោយនៅកាលណោះលោកបានបរាជ័យក្រោមដៃលោក ហាស្សាន់ រូហានី។ តែអស់ពី លោក រូហានី លោក Raisi ហាក់ដូចជាលេចត្រដែតជាងបេក្ខជនប្រធានាធិបតីដទៃនៅក្នុងឆ្នាំ២០២១នេះ។

ដូចគ្នាទៅនឹងលោក ខាមីណៃដែរ លោក Ebrahim Raisi កើតនៅក្នុងទីក្រុងម៉ាស់ហាដ (Mashhad) ដែលជាទីក្រុងដ៏ពិសិដ្ឋមួយស្ថិតនៅភាគឦសានប្រទេសអ៉ីរ៉ង់។ នៅឆ្នាំ២០១៦ លោក ខាមីណៃបានតែងតាំងលោក Raisi ជាមេដឹកនាំអង្គការសាសនាដ៏មានឥទ្ធិពលមួយមានឈ្មោះថា អាស្ដាន់ ឃូដ រ៉ាហ្សាវី (Astan Quds Razavi) មានមូលដ្ឋានក្នុងទីក្រុង Mashhad ហើយនៅខែមីនា ឆ្នាំ២០១៩ ទើបលោក Raisi ត្រូវបានតែងតាំងជាប្រធានតុលាការអ៉ីរ៉ង់។

លោក Ebrahim Raisi ធ្លាប់ធ្វើជារដ្ឋអាជ្ញាទីក្រុង Karaj នៅឆ្នាំ១៩៨១ ហើយបានក្លាយជាឧបរដ្ឋអាជ្ញាប្រចំាទីក្រុងតេហេរ៉ង់នៅឆ្នាំ១៩៨៥។ ក្រោយចប់សង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ ក្នុងឆ្នាំ១៩៨៨ លោក Raisi ត្រូវបានមជ្ឈមណ្ឌលដើម្បីសិទ្ធិមនុស្សនៅក្នុងប្រទេសអ៉ីរ៉ង់ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់ការចូលរួមក្នុងប្រតិបត្តិការ បោសសំអាតទ្រង់ទ្រាយធំមួយនៅក្នុងពន្ធនាគារ។ បើតាមអង្គការលើកលែងទោសអន្តរជាតិ Amnesty International អ្នកទោសនយោបាយច្រើនជាង ៥,០០០នាក់ ត្រូវបានប្រហារជីវិតនៅក្នុងប្រតិបត្តិការបោសសំអាតនៅពេលនោះ។ រហូតដល់ឆ្នាំ២០១៩ លោក Raisi ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់រដ្ឋបាលនៃ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអ៉ីរ៉ង់ ធ្វើឡើងចំពេលទីក្រុងតេហេរ៉ង់កំពុងស្ថិតនៅក្នុងដំណើរការចរចាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការស្ដារឡើងវិញ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីទទួលបានសម្បទាន ឬការបន្ធូរបន្ថយទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ ការស្ដារសេដ្ឋកិច្ចជាតិគឺជាកិច្ចការអាទិភាព ដែលអនាគតប្រធានាធិបតីអ៉ីរ៉ង់ថ្មី ត្រូវធ្វើ ដូច្នេះទោះជាលោក Ebrahim Raisi ឬបេក្ខជនណាផ្សេងជាប់ឆ្នោតជាប្រធានាធិបតីក៏ដោយ ក៏គេនៅតែរំពឹងដដែល ថាអ៉ីរ៉ង់គ្មានហេតុផលអ្វីត្រូវប្រឆាំងនឹងការត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញនោះទេ៕

ប្រភព៖ The Times (ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១)