(ហ្សឺណេវ)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និងសមភាគីរុស្ស៊ីលោក Vladimir Putin ថតរូបជុំគ្នាលើកដំបូង នៅកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅឯវិមាន Villa La Grange ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ខណៈកិច្ចប្រជុំរបស់ពួកគេកំពុងដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិចនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

ប្រធានាធិបតីទាំងពីរបានឈរនៅខាងក្រៅវិមាន Villa La Grange ជាមួយប្រធានាធិបតីស្វីសលោក Guy Parmelin ដែលបានថ្លែងសុន្ទរកថាខ្លីដើម្បីស្វាគមន៍មេដឹកនាំទាំងពីរ។

លោក Parmelin បាននិយាយថា លោកប្រាថ្នាចង់ឲ្យកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរលើកនេះ ប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កាដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរនិងពិភពលោកទាំងមូល។

ក្រោយមកលោកប្រធានាធិបតីBiden និងលោកប្រធានាធិបតី Putin បានចាប់ដៃគ្នា រួចក៏ចូលក្នុងវិមានដើម្បីចាប់ផ្តើមកចិ្ចប្រជុំលើកទី១ របស់ពួកគេ៕