(អាមេរិកឡាទីន)៖ កាលពីដើមសប្តាហ៍នេះ ប្រជាជននៅឯប្រទេសដីកោះភាគខាងជើងវេណេស៊ុយអេឡា ឈ្មោះថា ទ្រីនីដាដ និង តូបាហ្គោ (Trinidad & Tobago) បាននាំគ្នាសាទរចំពោះការមកដល់ នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ២០០,០០០ដូស របស់ក្រុមហ៊ុនចិន Sinopharm ប៉ុន្តែទន្ទឹមគ្នានេះ ការរិះគន់ដ៏ដូចចំអកបានផ្ទុះឡើង ចំពោះស្ថានទូតអាមេរិកនៅទីនោះ បន្ទាប់ពីស្ថាតអាមេរិកបានប្រកាស ពីការបរិច្ចាគវ៉ាក់សាំងចំនួនត្រឹម ៨០បំពង់ ឬស្មើនឹង ៤០០-៤៨០ដូសប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

វ៉ាក់សាំង Sinopharm ខាងលើ គឺជាវ៉ាក់សាំងដែលរដ្ឋាភិបាលប្រទេស Trinidad & Tobago បញ្ជាទិញផ្ទាល់ ប៉ុន្តែកាលពីខែឧសភាកន្លងទៅ ប្រទេសនេះក៏ទទួលបានវ៉ាក់សាំង Sinopharm ចំនួន ១០០,០០០ដូស ដែលជាការបរិច្ចាគរបស់រដ្ឋាភិបាលចិនផងដែរ។ ក្នុងសប្តាហ៍នេះដូចគ្នា ស្ថានទូតអាមេរិកប្រចាំនៅទីនោះ Trinidad & Tobago បានប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer ចំនួន ៨០បំពង់ ដល់ប្រទេសដីកោះនេះ ដែលមានប្រជាជនសរុបចំនួន ១.៤លាននាក់។ ជាទូទៅមួយបំពង់អាចរំលែកចេញជា ៥-៦ដូស។

គួរបញ្ជាក់ថា សេចក្តីប្រកាសពីការបរិច្ចាគវ៉ាក់សាំងក្នុងចំនួនដ៏តិចបែបនេះ ក៏បានបង្កឲ្យមានការរិះគន់ ក៏ដូចជាចំអកឌឺដងមួយចំនួនផងដែរ នៅលើបណ្តាញអ៉ីនធើណែត។ បច្ចុប្បន្ន ប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែកំពុងព្យាយាមលើកកម្ពស់មុខមាត់របស់ខ្លួន តាមរយៈការប្តេជ្ញាផ្គត់វ៉ាក់សាំងដល់ពិភពលោក នៅចំពោះមុខវិបត្តិជំងឺរាតត្បាតសកល COVID-19។ យ៉ាងណាមិញ ទីក្រុងប៉េកាំង បាននាំចេញទីក្រុងវ៉ាស៉ីនឆ្ងាយទៅហើយ ជាមួយការបរិច្ចាគ និងនាំចេញវ៉ាក់សាំងជាក់ស្តែង សរុបរាប់រយលានដូសទៅហើយ ខណៈសហរដ្ឋអាមេរិកវិញ ទើបស្ថិតនៅដំណាក់កាលប្រកាស និងសន្យានៅឡើយ៕