(ឃ្វីតូ)៖ ប្រទេសអេក្វាឌ័រនៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ហើយ ដោយវាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ ប្រធានាធិបតីអេក្វាឌ័រលោក ហ្គីឡែម៉ូ ឡាសូ (Guillermo Lasso) ដើម្បីពន្លឿនផែនការចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោក Guillermo Lasso ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីអេក្វាឌ័រ កាលពីសប្តាហ៍មុននេះបានប្រកាសទិញ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន CanSino Biologics ចំនួន ០៦លានដូស ដោយសង្ឃឹមថា នឹងអាចជួយជំរុញគោលដៅចាក់វ៉ាក់សាំង ជូនដល់ប្រជាជនប្រមាណ ០៩លាននាក់ ក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃរដ្ឋាភិបាលរបស់លោក។

បើតាមក្រសួងសុខាភិបាលអេក្វាឌ័រ គិតចាប់តាំងពីលោក Guillermo Lasso ឡើងកាន់តំណែងជាប្រធានាធិបតី កាលពីចុងខែឧសភា ប្រទេសអាមេរិកឡាទីនមួយនេះ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនជាង ១លាននាក់ហើយ ដោយរំពឹងថា នឹងទទួលបានវ៉ាក់សាំងចំនួន ៨១៤,០០០បន្ថែមទៀតនៅសប្តាហ៍នេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានសម្រេចរួចហើយ ជាមួយមន្ទីរពិសោធន៍ជាតិ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអេក្វាឌ័រដែលមានប្រជាជនប្រមាណ ១៧.៥លាននាក់ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជិត ៤៤០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២១,០០០នាក់ និងអ្នកជាសះស្បើយជាង ៣៩៨,០០០នាក់៕