(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,៥៨០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៥៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៥,៧១៧នាក់ និងជាសះស្បើយឡើងសរុប ២៨,៥៧៨,៧០១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។

នៅថ្ងៃដើមសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រុមហ៊ុនផលិតឱសថ ណូវ៉ាវ៉ាកស៍ (Novavax) នៃសហរដ្ឋអាមេរិក បានប្រកាសអំពីលទ្ធផលធ្វើតេស្ត បេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ដោយក្នុងនោះវាបានបង្ហាញ «ប្រសិទ្ធភាពលើស ៩០%» ក្នុងការទប់ទល់វីរុស COVID-19 ជាច្រើនទម្រង់។ ក្រុមហ៊ុននេះបានបញ្ជាក់ទៀតថា ខ្លួនកំពុងរៀបចំឯកសារស្មើសុំ ទៅកាន់អាជ្ញាធរអាមេរិក និងប្រទេសផ្សេងៗទៀត ដើម្បីឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំង Novavax នៅក្នុងករណីបន្ទាន់ នៅអំឡុងត្រីមាសទី ៣ នៃឆ្នាំ២០២១។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣១១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៤.២៣លាននាក់ (៥៣.១%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជិត ១៤៤.៩២លាននាក់ (៤៤.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕