(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលបង្ការជំងឺនៃសហរដ្ឋអាមរិក (CDC) បានប្រកាសថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ៣០៦,៥០៩,៧៩៥ដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស នៅក្នុងចំណោមវ៉ាក់សាំងសរុប ៣៧៣,៤១៣,៩៤៥ដូស ដែលត្រូវបានដាក់ចេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។

ទិន្នន័យពី CDC បានបង្ហាញទៀតថា ប្រជាជនសរុប ១៧២,៧៥៨,៣៥០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោចណាស់មួយដូស និង ១៤២,០៩៥,៥៣០នាក់ បានទទួលការចាក់គ្រប់ដូស គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។ ទិន្នន័យទាំងអស់របស់ CDC គឺបានមកពីការបូកបញ្ចូលគ្នា នូវចំនួនវ៉ាក់សាំង Moderna និង Pfizer ដែលជាប្រភេទចាក់ពីរដូស ព្រមទាំងវ៉ាក់សាំង Johnson & Johnson ប្រភេទចាក់តែមួយដូស ដែលត្រូវបានប្រើប្រាស់។

គួរបញ្ជាក់ថា ទោះបីជាសន្ទុះនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានការថមថយវិញក៏ពិតមែន ប៉ុន្តែភាគរយនៃការចាក់កន្លងមក ត្រូវបានលោកប្រធានាធិបតី ចូ បៃដិន ចាត់ទុកថាអាចធ្វើឲ្យសហរដ្ឋអាមេរិក ស្ថិតក្នុងចំណុចសុវត្ថិភាពមួយរួចទៅហើយ។ បន្ថែមពីនេះអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ក៏នៅតែបន្តធ្លាក់ចុះជាលំដាប់ផងដែរ បើមើលទៅលើតួលេខជាក់ស្តែង៕