(អាមេរិក)៖ ក្រុមផលិតឱសថអាមេរិក Moderna បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបានដាក់ពាក្យរួចហើយ ទៅកាន់និយ័តករឱសថនៃសហភាពអឺរ៉ុប និងប្រទេសកាណាដា ដើម្បីស្នើសុំឲ្យពួកគេអនុម័តការប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុននេះ ទៅលើក្រុមមនុស្សវ័យជំទង់ (១២-១៧ឆ្នាំ)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុន Moderna ក៏បានបញ្ជាក់ទៀតផងដែរថា ខ្លួនមានគម្រោងដាក់ពាក្យស្មើសុំ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក (FDA) និងនិយ័តករនានានៅទូទាំងពិភពលោក ដើម្បីឲ្យពួកគេអនុម័ត ការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 មួយនេះនៅក្នុងករណីបន្ទាន់ លើមនុស្សវ័យជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ។

គួរបញ្ជាក់ថា កន្លងមកនេះវ៉ាក់សាំង Moderna ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកាណាដា តែចំពោះមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។ សម្រាប់ការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង ត្រូវបានគេមើញឃើញថា ជាជំហានបន្ទាប់ដ៏សំខាន់ ដែលអាចនាំឲ្យសហគមន៍ទាំងមូល កសាងភាពសុំាកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទប់ទល់នឹង COVID-19។

សម្រាប់វ៉ាក់សាំងដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអនុម័តឲ្យប្រើទៅលើក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំរួចទៅហើយនោះ គឺវ៉ាក់សាំង Pfizer-BioNTech។ វ៉ាក់សាំងអាមេរិក-អាល្លឺម៉ង់មួយនេះ បានឆ្លងកាត់ការធ្វើតេស្ត និងបង្ហាញប្រសិទ្ធភាព ១០០% ក្នុងការការពារក្រុមមនុស្សវ័យជំទង់ខាងលើ មិនឲ្យឆ្លងជំងឺ COVID-19៕