(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០០,៦៣៦នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ២៨,៩០៩,៩៧៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

តួលេខអ្នកឆ្លងខាងលើនេះ ត្រូវបានគេរកមើលឃើញថា ជាតួលេខអ្នកឆ្លងទាបបំផុតមួយកម្រិតទៀត ក្នុងរយៈពេលជាង ០២ខែកន្លងមកនេះ។ បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,៤២៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៤៩,១៨៦នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,១៥៩,១៨០នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស កាលពីខែមករា ហើយរហូតមកដល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនសរុបចំនួន ២៣២,៧៨៦,៤៨២ដូសហើយ។ ពេញមួយថ្ងៃអាទិត្យម្សិលមិញ ឥណ្ឌាសម្រេចបានការចាក់១,៣៩០,៩១៦លានដូស។ វ៉ាក់សាំងដែលកំពុង ប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា រួមមានវ៉ាក់សាំង Covishield (AstraZeneca), វ៉ាក់សាំង Covaxin និងវ៉ាក់សាំង Sputnik-V៕