(បាងកក)៖ ទីបំផុតនៅថ្ងៃចន្ទនេះ ថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនទូទៅ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្របពេលដែលខ្លួន កំពុងបន្តប្រយុទ្ធតទាល់ជាមួយរលកឆ្លងរាតត្បាតនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋាភិបាលថៃបានដាក់គោលដៅ ចាក់វ៉ាក់សាំងឲ្យបាន៦លានដូសក្នុងខែមិថុនានេះ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសផ្ទាល់ រួមជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលនាំចូល។ ថៃបានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាលើកដំបូងបំផុត កាលពីចុងខែកុម្ភៈកន្លងទៅ ប៉ុន្តែវាមិនទាន់ទូលំទូលាយទេ។ គិតមកទល់ពេលនេះ មនុស្សសរុប២.៨លាននាក់ ដែលសុទ្ធតែជាក្រុមបុគ្គលងាយរងហានិភ័យខ្លាំង ដូចជាបុគ្គលិកសុខាភិបាល និងអ្នកធ្វើការក្នុងវិស័យដឹកជញ្ជូន ជាដើម ទទួលបានការចាក់វ៉ាក់សាំង១ដូសដំបូង និងប្រហែលជាង១.៤លាននាក់ ចាក់បានគ្រប់ដូស។

គួរបញ្ជាក់ថា នៅចុងឆ្នាំនេះ ថៃគ្រោងចាក់វ៉ាក់សាំងឲ្យបាន៧០ភាគរយ នៃចំនួនប្រជាជនសរុបជិត៧០លាននាក់របស់ខ្លួន។ ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅថ្ងៃចន្ទនេះ អាជ្ញាធរថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ២,៤១៩នាក់ និងអ្នកស្លាប់ថ្មី៣៣នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស បន្តកើនដល់ ១៧៩,៨៨៦នាក់ ក្នុងនោះស្លាប់ ១,២៦៩នាក់ និងជាសះស្បើយ១២៩,៥១៦នាក់៕