(បួរគីណា ហ្វាសូ)៖ រដ្ឋាភិបាលនៃប្រទេសបួរគីណា ហ្វាសូ បានឱ្យដឹងថាជនស៊ីវិលយ៉ាងហោច ១៣២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ជនប្រដាប់ អាវុធមួយក្រុម ហើយដែលនេះជាការវាយប្រហារផ្ដាច់ជីវិតមនុស្សច្រើនបំផុតមួយនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១។

ការវាយប្រហារខាងលើកើតឡើងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ នៅក្នុងភូមិ ស៊ុលហាន (Solhan) នៃខេត្ត យ៉ាហ្គា (Yagha) ស្ថិតនៅក្បែរព្រំដែន ប្រទេសនីហ្សេ។ ក្រៅពីសម្លាប់មនុស្ស អ្នកភូមិ៤០នាក់ផ្សេងទៀតបានរងរបួស ហើយក្រុមប្រដាប់អាវុធទាំងនោះក៏បានដុតបំផ្លាញផ្ទះអ្នកភូមិ និងផ្សារផងដែរ។

រដ្ឋាភិបាលបួរគីណា ហ្វាសូ បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៧២ម៉ោងដល់ជនរងគ្រោះនិងបានចាត់ទុកថាក្រុមប្រដាប់អាវុធទាំងនោះជាក្រុមភេរវករ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ ប៉ុន្តែមិនទាន់មានក្រុមណាមួយចេញ មុខអះអាងទទួលខុសត្រូវលើការវាយប្រហារដ៏អាក្រក់នេះទេ។

គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងប្រទេស បួរគីណា ហ្វាសូ បានបង្ខំឱ្យមនុស្សច្រើនជាង ១.១៤លាននាក់រត់ចេញពីផ្ទះសម្បែងក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ស្របពេលប្រទេសអាហ្វ្រិកក្រីក្រមួយនេះកំពុងទទួលជនភៀសខ្លួនឱ្យជ្រកកោនជាង ២០,០០០នាក់មកពីប្រទេសម៉ាលី៕