(ញូដេលី)៖ បណ្តារដ្ឋមួយចំនួននៅប្រទេសឥណ្ឌា កំពុងតែចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទខ្ទប់វិញ ស្របពេលដែលស្ថានការណ៍ឆ្លងរាតត្បាតនៃជំងឺ COVID-19 បន្តអន់ថយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

តំបន់រដ្ឋធានីញូដេលី ក៏ស្ថិតនៅក្នុងចំណោមកន្លែង ដែលបន្ធូរបន្ថយវិធានការរឹតត្បិតទាំងនោះផងដែរ ហើយនឹងអនុញ្ញាតឲ្យអាជីវកម្ម អាចបើកដំណើរការឡើងវិញ ក្នុងថ្ងៃឆ្លាស់ៗគ្នា។ ចំណែកការិយាល័យក្រុមហ៊ុនឯកជន នឹងត្រូវអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ ជាមួយចំនួនបុគ្គលិក៥០ភាគរយ។ រីឯបណ្តាញរថភ្លើង នឹងបន្តសេវាកម្មឡើងវិញដូចគ្នា តែកាត់បន្ថយចំនួនអ្នកដំណើរ។ អាជ្ញាធរតំបន់ញូដេលី បានអនុញ្ញាតឲ្យការដ្ឋានសំណង់ និងរោងចក្របើកដំណើរការឡើងវិញ តាំងពីសប្តាហ៍មុន ។

នៅថ្ងៃសៅរ៍នេះតំបន់ទីក្រុងញូដេលី បានរាយការណ៍ពីករណីឆ្លងថ្មីៗខ្ទង់៤០០នាក់ប៉ុណ្ណោះ ខណៈនៅពេលវិធានការបិទខ្ទប់ ត្រូវបានប្រកាសចេញដំបូង កាលពី៧សប្តាហ៍មុន ករណីឆ្លងថ្មីៗដល់ទៅ២៥,០០០នាក់ ត្រូវបានរាយការណ៍ក្នុងមួយថ្ងៃ។ រដ្ឋឥណ្ឌាដូចជា Uttar Pradesh, Maharashtra, Gujarat, Odisha និង Tamil Nadu សុទ្ធតែកំពុងចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតដូចគ្នា។

គួរបញ្ជាក់ថា អត្រាករណីឆ្លងប្រចាំថ្ងៃនៅទូទាំងប្រទេសឥណ្ឌា ក្នុងមួយរយៈចុងក្រោយនេះ បានថយចុះមកនៅខ្ទង់១២០,០០០នាក់ បន្ទាប់ពីលោតដល់លើស៤០០,០០០ កាលពីក្នុងខែឧសភាកន្លងទៅ ខណៈអត្រាអ្នកស្លាប់ក៏ថមថយបន្តិចបន្តួចដែរ គឺនៅខ្ទង់២,០០០-៣,០០០នាក់។ យ៉ាងណាមិញ អត្រាឆ្លងនិងស្លាប់ទាំងនេះនៃ COVID-19 នៅឥណ្ឌា នៅតែជាអត្រាដ៏ខ្ពស់ខ្លាំងមួយ បើធៀបជាមួយបណ្តាប្រទេសដទៃៗទៀត៕