(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមកំពុងចរចាជាមួយ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson អំពីការទិញវ៉ាក់សាំងបង្ការ COVID-19 និងការផ្ទេរបច្ចេកវិទ្យាផលិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន VnExpress នៅល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

កំលុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយក្រុមហ៊ុនអាមេរិកខាងលើ រដ្ឋមន្រ្តីសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង (Nguyen Thanh Long) បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន Johnson & Johnson មានផែនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងមកកាន់វៀតណាម ដើម្បីឲ្យប្រទេសអាស៊ានមួយនេះអាចបង្កើតរោងចក្រ ដើម្បីផលិតវ៉ាក់សាំងទាំងនោះ។

ក្រុមហ៊ុន Johnson & Johnson មានគម្រោងរួចហើយ ដើម្បីដាក់ពាក្យសុំការអនុម័តប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួននៅវៀតណាម ហើយបាននិយាយថា ក្រុមហ៊ុននឹងពិចារណាលើលទ្ធភាព នៃការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង មកកាន់ប្រទេសអាស៊ានមួយនេះផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងចំនួន ០៣ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅវៀតណាម រួមមានវ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Sputnik V និងវ៉ាក់សាំង Sinopharm។ ប៉ុន្តែបច្ចុប្បន្ន វៀតណាមបាននិងកំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមនុស្សជាង ១.១លាននាក់ទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោចមួយដូស គិតចាប់តាំងពីដើមខែមីនា។ វៀតណាមមានគោលដៅ ធានាឲ្យបានវ៉ាក់សាំងសរុប ១៥០លានដូសក្នុងឆ្នាំនេះ សម្រាប់ចាក់ឲ្យមនុស្ស ៧០ភាគរយ នៃចំនួនប្រជាជនសរុបជាង ៩៦លាននាក់៕