(ប៉េកាំង)៖ របាយការណ៍ថ្មីៗរបស់ទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប្រទេសចិនឥឡូវនេះកំពុងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន «ក្នុងល្បឿនមួយគួរឱ្យភ្ញាក់ផ្អើលបំផុត» ដោយជាមធ្យមប្រហែល ១៩លានដូសក្នុងមួយថ្ងៃ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

របាយការណ៍ខាងលើនេះបានគូសបញ្ជាក់ថា ប្រទេសចិនបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ប្រហែលមួយភាគបីនៃការចាក់ជូនប្រជាជន នៅទូទាំងពិភពលោកចំនួន ១.៩ពាន់លានដូស។ ល្បឿននៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសចិន បានឈានដល់កម្រិតមួយដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយសារតែការអំពាវនាវឱ្យមានការចាក់វ៉ាក់សាំង ពីគ្រប់មជ្ឈដ្ឋាននៃសង្គម រួមទាំងបណ្តាលក្រុមហ៊ុន សាលារៀន និងរដ្ឋបាលថ្នាក់តំបន់ជាដើម។

គួរបញ្ជាក់ថា ប្រទេសចិនក៏បានផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅបរទេសជាង ៥០០,០០០នាក់ផងដែរ តាមរយៈកម្មវិធីមួយដែលដែលមានឈ្មោះថា «ពន្លកនៃនិទាឃរដូវ ឬ Spring Sprout» ដែលត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់ការចាក់វ៉ាក់សាំង ដល់ជនជាតិចិនរស់នៅបរទេស ជាមួយនិងវ៉ាក់សាំងរបស់ខ្លួន។ គិតត្រឹមថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ៧៤៤លានដូសហើយ ជូនដល់ប្រជាជន៕