(នេប៉ាល់)៖ និយតករឱសថនៃប្រទេសនេប៉ាល់ បានអនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac នៅក្នុងករណីបន្ទាន់ហើយ ខណៈរលកទី ២ នៃការឆ្លងរាតត្បាត COVID-19 បាននិងកំពុងធ្វើឲ្យប្រទេសនេះ មើលឃើញករណីឆ្លង និងស្លាប់យ៉ាងគំហុកជារៀងរាល់ថ្ងៃតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២១។

Sinovac គឺជាវ៉ាក់សាំងចិនទី ២ ដែលត្រូវបានរដ្ឋាភិបាលនេប៉ាល់ អនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សាំងចិនមួយទៀតគឺ Sinopharm។ វ៉ាក់សាំងចិនទាំងពីរនេះ សុទ្ធតែត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចទៅហើយ បន្ទាប់ពីក្រុមអ្នកជំនាញអន្តរជាតិ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា នេប៉ាល់បានអនុម័តឲ្យប្រាស់វ៉ាក់សាំង Sinovac លើមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ កន្លងមកនេះ ២% នៃចំនួនប្រជាជននេប៉ាល់ទាំង ៣០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19។ គិតត្រឹមថ្ងៃសៅរ៍នេះ នេប៉ាល់មានអ្នកឆ្លង COVID-19 សរុបជាង ៥៨០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៧,៧០០នាក់ និងជាសះស្បើយវិញជាង ៥១៥,០០០នាក់៕