(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែមិថុនា អង្គការសុខភាពពិភពលោកបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុនស៊ីណូវ៉ាក់ របស់ចិនឱ្យចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានបង្ហាញថា ការដែលវ៉ាក់សាំងស៊ីណូវ៉ាក់ចិនទទួលបានការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ពីអង្គការសុខភាពពិភពលោកនឹងមានអំណោយផលដល់ការដោះស្រាយបញ្ហាផ្គត់ផ្គង់វ៉ាក់សាំងជាសកលនិងលើកកម្ពស់ជំនឿចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះ។

កាលពីថៃ្ងទី ២ ខែមិថុនា កាសែត «The Star» នៃប្រទេសម៉ាឡេស៊ីបានផ្សាយដំណឹងអំពីការវាយតម្លៃរបស់រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ សិប្បកម្មនិងនវានុវត្តន៍នៃ ប្រទេសម៉ាឡេស៊ីចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ចិនដោយបញ្ជាក់ថា ការដែលវ៉ាក់សាំងស៊ីណូវ៉ាក់ចិនទទួលបានការអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ពី អង្គការសុខភាពពិភពលោកនឹង «លើកកម្ពស់ជំនឿចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង»

តាមការផ្សាយដំណឹងរបស់ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសប៊ីប៊ីស៊ីបានឱ្យដឹងថា ករណីបែបនេះបានបើកទ្វារសម្រាប់វ៉ាក់សាំងស៊ីណូវ៉ាក់ចិនសម្រាប់ប្រើប្រាស់ ក្នុង «កម្មវិធី COVAX» ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកដែលវានឹងជំរុញដល់ការអនុវត្តផែនការនេះ ក៏ដូចជាជួយដោះស្រាយបញ្ហា ផ្គត់ផ្គង់វ៉ាក់សាំងផងដែរ៕