(បរទេស)៖ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman កាលពីថ្ងៃពុធសប្តាហ៍នេះ បានថ្លែងថា សហរដ្ឋអាមេរិកនិងអាស៊ាន កំពុងតែចរចាដើម្បីកំណត់ជ្រើសរើសយកកាលបរិច្ឆេទថ្មី សម្រាប់ជំនួបពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងសមភាគីអាស៊ាន ហើយលោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន នៅតែមានការប្តេជ្ញាចិត្តរឹងមាំដដែល ចំពោះតំបន់អាស៉ី។

កំលុងសន្និសីទព័ត៌មានមួយតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី០២ ខែមិថុនា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលព័ត៌មានអាស៉ី-ប៉ាស៉ីហ្វិក របស់រដ្ឋាភិបាលអាមេរិក លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលស្ថិតក្នុងដំណើរទស្សនកិច្ចនៅឯប្រទេសថៃ ត្រូវបានក្រុមអ្នកកាសែតសួរសំណួរជាច្រើន ក្នុងនោះរួមមានសំណួរ ដែលពាក់ព័ន្ធនឹងជំនួបតាមប្រព័ន្ធវីដេអូអនឡាញមួយ រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងក្រុមរដ្ឋមន្រ្តីការបរទេសនៃសមាជិកអាស៊ាន ដែលគ្រោងរៀបចំឡើងកាលពីចុងខែឧសភា ប៉ុន្តែត្រូវបានអាក់ខាន ព្រោះតែបញ្ហាបច្ចេកទេស ពោលគឺលោក Blinken ពុំអាចតភ្ជាប់វីដេអូបាន ទោះព្យាយាមជាច្រើនដង ក្រោយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានរង់ចាំអស់រយៈពេលរាប់សិបនាទី។

គួរបញ្ជាក់ថា ឆ្លើយតបចំពោះសំណួរនោះ លោកស្រី Sherman បានលើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Blinken ក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក និងរបស់លោកស្រីផ្ទាល់ ក្នុងនាមជាអនុរដ្ឋមន្រ្តីការបរទេស សុទ្ធតែបានធ្វើឡើងនៅតំបន់អាស៉ី ដែលប្រការនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីសារសំខាន់នៃតំបន់អាស៉ី ចំពោះសហរដ្ឋអាមេរិក។ លោកស្រី Sherman បានបន្តថា ទោះគម្រោងជំនួបកាលពីចុងខែមុនមិនបានសម្រេច តាមការគ្រោងទុកក៏ដោយ នាពេលនេះសហរដ្ឋអាមេរិកនិងអាស៊ាន កំពុងជជែកគ្នាដើម្បីជ្រើសរើសកាលបរិច្ឆេទថ្មី ហើយទីក្រុងវ៉ាស៉ីនតោន នៅតែមានការប្តេជ្ញាយ៉ាងរឹងមាំដដែល ចំពោះតំបន់អាស៉ី៕

​​​​​