(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣៤,១៥៤នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ ២៨,៤៤១,៩៨៦នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

បន្ថែមពីលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ២,៨៨៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនឡើងដល់ ៣៣៧,៩៨៩នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៦,៣៩០,៥៨៤នាក់បានជាសះស្បើយ។

តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើ គឺបង្ហាញពីការបន្តថយចុះគួរឲ្យកត់សម្គាល់ មួយកម្រិតទៀត ខណៈកាលពីប៉ុន្មានសប្តាហ៍មុន វាបានលោតឡើងដល់ជាង ៤០០,០០០នាក់។ ដោយឡែកចំនួនករណីស្លាប់វិញ ក៏បានថយចុះផងដែរ។ ទោះបីបែបនេះក្តី អត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅឥណ្ឌា នៅតែស្ថិតក្នុងកម្រិតខ្ពស់ជាងគេដដែល បែបធៀបនឹងប្រទេសផ្សេងៗទៀត។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបចំនួន ២២១លានដូសហើយ៕