(បាងកក)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការ COVID-19 នៃសហរដ្ឋអាមេរិក Pfizer បានឆ្លើយតបទៅកាន់ប្រទេសថៃវិញថា មានតែទីភ្នាក់ងារនានារបស់រដ្ឋាភិបាលប៉ុណ្ណោះ ទើបអាចធ្វើការចរចា និងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនមួយនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

ការប្រកាសរបស់ Pfizer ខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយថា ក្រុមហ៊ុនឯកជនធំមួយនៅក្នុង ប្រទេសអាស៊ានមួយនេះ នឹងនាំចូលវ៉ាក់សាំងបង្ការ COVID-19 ចំនួន ២០លានដូសពីក្រុមហ៊ុន Pfizer-BioNTech។ ជុំវិញព័ត៌មាននេះ ក្រុមហ៊ុន Pfizer បានបកស្រាយទៅកាន់រដ្ឋាភិបាលថៃថា ការប្រកាន់យកគោលការណ៍ពិភាក្សា តែជាមួយទីភ្នាក់ងាររបស់រដ្ឋបាលបែបនេះ គឺដោយសារតែក្រុមហ៊ុន Pfizer ចង់ធានាឲ្យបានថា វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនគឺត្រូវបម្រើជាប្រយោជន៍ សម្រាប់ប្រជាជនថៃគ្រប់រូប។

Pfizer បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនសម្រេចធ្វើការចរចា តែជាមួយទីភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់វ៉ាក់សាំង ពីព្រោះវាជាមធ្យោបាយតែមួយគត់ ដើម្បីធានាថាវ៉ាក់សាំងទាំងអស់ នឹងត្រូវបញ្ជូនទៅដល់ប្រជាជនគ្រប់រូប។ Pfizer ក៏ចង់បញ្ជាក់ផងដែរថា ក្រុមហ៊ុននេះមិនបានចាត់តាំងអង្គការ ឬទីភ្នាក់ងារឯកជនណាមួយនៅឡើយទេ ដើម្បីធ្វើជាអ្នកនាំចូលវ៉ាក់សាំងនេះ ទៅកាន់ប្រទេសថៃ»