(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយមួយចំនួនរបស់ភាគីអាមេរិក បានយកបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ធ្វើជាលេសប៉ុនប៉ងទម្លាក់កំហុស ទៅលើប្រទេសចិនម្តងទៀត រហូតដល់បញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍របស់អាមេរិក ដឹកនាំការស៊ើបអង្កេត។ ទង្វើរបស់អាមេរិកបានរងការថ្កោលទោស យ៉ាងទូលំទូលាយពីពិភពលោកទាំងមូល។

មនុស្សដែលមានចំណេះដឹងខ្លះសុទ្ធតែបានដឹងថា ការតាមដានរកប្រភពដើមនៃវីរុស គ្រាន់តែអាចសុំចម្លើយពីវិទ្យាសាស្ត្រ និងអ្នកវិទ្យាសាស្ត្រ តែគឺមិនមែនសុំចម្លើយពីទីភ្នាក់ងារស៊ើបការណ៍អាមេរិក ដែលមានទង្វើអាក្រក់ជាច្រើន និងប្រសព្វប្រឌិតព័ត៌មានក្លែងក្លាយនោះទេ។ រឿងគួរឱ្យអស់សំណើចដែលគ្រោងដោយអ្នកនយោបាយអាមេរិក ដើម្បីច្រានចោលទំនួលខុសត្រូវនៃអសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដាក់សម្ពាធទៅលើប្រទេសចិន គឺជាការជាន់ឈ្លីលើវិទ្យាសាស្ត្រ និងការព្រងើយកន្តើយចំពោះអាយុជីវិត។

តាមការពិត បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ ដោយសារអ្នកនយោបាយអាមេរិក តម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង និងប្រព្រឹត្តទៅល្មើសនឹងវិទ្យាសាស្ត្រ បានជាប្រជាជនអាមេរិកបានទទួល ផលអាក្រក់យ៉ាងខ្លាំងរួចទៅហើយ។ ប៉ុន្តែ ការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនអាមេរិកជាង ៦សែននាក់ មិនបានដាស់ឱ្យភ្ញាក់នូវគុណធម៌ និងសតិសម្បជញ្ញៈរបស់អ្នកនយោបាយអាមេរិកនោះទេ។ ពួកគេមិនត្រឹមតែមិនដកយកមេរៀនប៉ុណ្ណោះទេ ថែមទាំងបែរជាធ្វើឱ្យការតាមដានរកប្រភពដើមនៃវីរុស ក្លាយជាបញ្ហានយោបាយម្តងទៀត ដែលបន្តប្រព្រឹត្តទៅប្រឆាំងនឹងវិទ្យាសាស្ត្រតទៅទៀត។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទង្វើបែបនេះបានដាក់សន្តិសុខអាយុជីវិត របស់ប្រជាជនទូទាំងពិភពលោក ទៅក្នុងហានិភ័យកាន់តែធំ។

ដើម្បីធានាដល់លក្ខណៈវិទ្យាសាស្ត្រ និងកិត្យានុភាពនៃការតាមដានរកប្រភពដើមនៃវីរុស អ្វីដែលសហគមន៍អន្តរជាតិត្រូវធ្វើ គឺផ្តល់ការគាំទ្រដល់អង្គការសុខភាពពិភពលោក ក្នុងការដឹកនាំការងារតាមដានរកប្រភពដើមនៃវីរុស ព្រមទាំងផ្តល់ភាពងាយស្រួលដល់ ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យពួកគេអាចបំពេញការងារ ដោយប្រើចំណេះដឹងឯកទេស និងមិនរងផលប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅ។

ព្រមពេលជាមួយគ្នានេះ ដោយសារតំបន់នានាលើពិភពលោក សុទ្ធតែបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ដំបូងជាបន្តបន្ទាប់ បានជាការតាមដានរកប្រភពដើមនៃវីរុស គួរតែធ្វើនៅក្នុងប្រទេស និងតំបន់ជាច្រើន ព្រមទាំងនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ ប្រកបដោយសមភាព។ ធ្វើឱ្យវិទ្យាសាស្ត្រចែកឱ្យដាច់ពីនយោបាយ និងធ្វើឱ្យអ្នកជំនាញធ្វើការងារឯកទេស នេះជាអាកប្បកិរិយាដែលគួរតែមាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់មនុស្សជាតិ ហើយក៏ជាការគោរពចំពោះអាយុជីវិត ជាមូលដ្ឋានបំផុតផងដែរ។
ការតាមដានរកប្រភពដើមនៃវីរុសជាបញ្ហាវិទ្យាសាស្ត្រ តែមិនមែនជា “ការលេងល្បែងនយោបាយ” នោះទេ ហើយក៏មិនត្រូវក្លាយជាឧបករណ៍សម្រាប់ឱ្យ អ្នកនយោបាយមួយចំនួនរបស់ភាគីអាមេរិក ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ មនុស្សដែលជាន់ឈ្លីលើវិទ្យាសាស្ត្រ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ មុខជានឹងរងការដាក់ទណ្ឌកម្ម ពីវិទ្យាសាស្ត្រជាមិនខាន៕ (#CCFR Comment#)