(វៀងចន្ទន៍)៖ រដ្ឋាភិបាលឡាវ បានហាមឃាត់ជាបណ្តោះអាសន្ន នូវការនាំចូល-នាំចេញសត្វគោរស់ ព្រមទាំងសាច់និងផលិតផលផ្សេងៗទៀតនៃសត្វនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺស្បែកមួយ ក្នុងចំណោមពួកវា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

នាយកដ្ឋានបសុសត្វ និងជលផលនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលប្រកាសពីការដាក់បំរាមហាមឃាត់ខាងលើ ហើយវានឹងចូលជាធរមានរហូតដល់ចុងខែមិថុនានេះ។ យោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានឡាវ Vientiane Times នាថ្ងៃព្រហស្បតិ៍នេះ ការហាមឃាត់ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយកដ្ឋាន បានរកឃើញករណីឆ្លងជំងឺដុំពកលើស្បែក នៅកសិដ្ឋានចិញ្ចឹមសត្វគោមួយកន្លែង នៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ កាលពីចុងខែមុន។

គួរបញ្ជាក់ថា ជំងឺដុំពកលើស្បែក គឺជាជំងឺឆ្លងដែលប៉ះពាល់ដល់សត្វគោ។ វាត្រូវបានចម្លងដោយសត្វល្អិតជញ្ជក់ឈាម ដូចជារុយ មូស និងចៃជាដើម។ វាបណ្តាលឱ្យមានអាការៈក្តៅខ្លួន កើតដុំពកនៅលើស្បែក និងអាចបណ្តាលឱ្យពួកវាងាប់ផងដែរ។ ក្នុងសេចក្តីជូនដំណឹង នាយកដ្ឋានឡាវ បានចេញសេចក្តីណែនាំស្តីពីការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនសត្វគោ រហូតដល់ស្ថានការណ៍ឆ្លងរីករាលដាលនៃជំងឺនេះថយចុះទៅវិញ។

នាយកដ្ឋាន ក៏បានជូនដំណឹងដល់សាធារណជនទូទៅ កសិករ និងអាជីវកម្មនានាអំពីមធ្យោបាយមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺនេះផងដែរ រួមមានការកម្ចាត់សត្វល្អិតជញ្ជក់ឈាម និងការលើកកម្ពស់អនាម័យបរិស្ថាន នៅតាមកសិដ្ឋានជាដើម៕