(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 នៃប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៨៨៦ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ដោយមានតែ៤៩ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

មជ្ឈមណ្ឌល CCSA បានប្រាប់ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២,៦៥៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ១,២៣០ករណី ត្រូវបានរកឃើញនៅលើក្រុមអ្នកទោសតាមពន្ធនាគារ។ រាជធានីបាងកក នៅតែជាកន្លែងរាយការណ៍ពីករណីឆ្លងថ្មីៗ ច្រើនជាងគេដដែល ជាមួយចំនួន៩៥៥ករណី។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៣៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ហើយអ្នកជំងឺ៣,៦២៦នាក់ ទើបតែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៦៩,៣៤៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,១៤៦នាក់ និងអ្នកជាសះស្បើយ ១១៨,២០៤នាក់។

ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.៩៦លានដូសហើយ ក្នុងនោះមនុស្សយ៉ាងហោច ១លាននាក់ ចាក់បានគ្រប់ដូស៕