(ឡាហាវ៉ាន់)៖ ប្រទេសគុយបានបង្ហាញក្តីរំពឹងថា វ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍក្នុងស្រុកសុទ្ធសាធ នឹងមានប្រសិទ្ធភាពខ្ពស់ទប់ទល់នឹងជំងឺរាតត្បាតសកល ក៏កាចសាហាវនេះ នៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

ប្រធានក្រុមហ៊ុនផលិតឱសថរដ្ឋគុយបា បាយអូគុយបាហ្វាម៉ា (BioCubaFarma) លោក អេដ្វាឌូ ម៉ាទីនស៍ (Eduardo Martine) បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះថា «វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសយើង បានបង្ហាញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ យើងនឹងឃើញវ៉ាក់សាំងនេះ មានប្រសិទ្ធភាពលើសពី ៥០% ហើយវាត្រូវតែដើរស្របទៅតាមស្តង់ដារ នៃអង្គការសុខភាពពិភពលោក (WHO)»

គុយបាក៏គ្រោងយកវ៉ាក់សាំងខាងលើនេះ ទៅធ្វើតេស្តលើក្មេងៗផងដែរ ដែលនឹងអាចចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ គិតត្រឹមដើមសប្តាហ៍នេះ ប្រទេសគុយបាដែលមានប្រជាជនសរុប ១១.៣២លាននាក់ សម្រេចបានប្រមាណ «១លានដូស» ដោយប្រើប្រាស់វ៉ាក់សាំង ផលិតនៅក្នុងប្រទេសដីកោះនេះសុទ្ធសាធ។ គុយបាគ្រោងចាក់វ៉ាក់សាំង ដល់ប្រជាជនទាំងអស់របស់ខ្លួន នៅត្រឹមចុងឆ្នាំ២០២១។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រទេសគុយបានមានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១៤៤,៥០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៩៧៧នាក់។ អត្រាស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសគុយបា គឺពិតជាមានកម្រិតទាបបំផុត បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងលោក៕