(បាងកក)៖ កំលុងជំនួបពិភាក្សានាថ្ងៃពុធនេះ ជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនជានិច្ច ដើម្បីជួយដល់ប្រទេសថៃ ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី សឺមែន បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិកមានគោលនយោបាយ ដើម្បីជួយប្រទេសជាច្រើន ក្នុងនោះរួមមានទាំងថៃផងដែរ ក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺ COVID-19 ក្រោមគោលដៅព្យាយាមជួយឲ្យប្រទេសទាំងនោះ យកឈ្នះលើវិបត្តិជំងឺរាតត្បាតជាសកលនេះ»។ លោក ប្រាយុទ្ធ បានសម្តែងការពេញចិត្តចំពោះការសន្យារបស់អាមេរិក ហើយបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនិងថៃ នឹងនៅតែបន្តកសាងចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរឹងមាំតទៅមុខទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលថៃ បាននិងកំពុងប្រើប្រាស់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និង Sinovac ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង COVID-19។ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.៦១លានដូសហើយ ក្នុងនោះប្រជាជន ២.៤៩លាននាក់បានចាក់ដូសដំបូង (ស្មើនឹង ៣.៦% នៃចំនួនប្រជាជនសរុប) និង ១.១១លាននាក់ បានចាក់គ្រប់ដូស (ជាង១.៦% នៃចំនួនប្រជាជនសរុប) គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕