(ប៉េកាំង)៖ ប្រធានកិច្ចចរចាពាណិជ្ជកម្មចិននិងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក នាថ្ងៃពុធនេះ បានពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ជុំវិញស្ថានការណ៍ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្តីថ្លែងការណ៍ថា កំលុងជំនួបអនឡាញខាងលើ ប្រធានកិច្ចចរចាពាណិជ្ជកម្មចិន លោក Liu He និងជាឧបនាយករដ្ឋមន្រ្តីចិនផងដែរនោះ រួមជាមួយលោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានជជែកគ្នាអំពីស្ថានការណ៍សេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហារួមមួយចំនួនទៀត ប៉ុន្តែទីក្រុងប៉េកាំង មិនបានបញ្ជាក់ឲ្យលម្អិតឡើយ។ កាលពីសប្តាហ៍មុន លោក Liu ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានកិច្ចចរចាពាណិជ្ជកម្មអាមេរិក ផងដែរ។

មកទល់ពេលនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនទាន់បានបង្ហាញច្បាស់នោះទេថា តើលោកនឹងចាត់ចែងបែបណា ចំពោះបញ្ហាជម្លោះសង្រ្គាមពាណិជ្ជកម្មជាមួយចិន ដែលចាប់ផ្តើមឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈការដំឡើងពន្ធ លើទំនិញនាំចូលពីប្រទេសចិន។ ចិនក៏បានដំឡើងពន្ធលើទំនិញអាមេរិកវិញ ជាការសងសឹកផងដែរ។

គួរបញ្ជាក់ថា កំលុងអាណត្តិលោក ត្រាំ មុនពេលលោក បៃដិន ឡើងកាន់អំណាច កិច្ចចរចាសំដៅបញ្ចប់វិវាទពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ បានកំពុងប្រព្រឹត្តទៅរួចហើយ និងសម្រេចបានការព្រមព្រៀងគ្នា នៅដំណាក់កាលដំបូង។ យ៉ាងណាក្តី ដំណើរការចរចានោះ មិនបានបន្តទៅមុខទៀតទេ រហូតមកឥឡូវ ដោយក្រុមអ្នកចរចានៃភាគីទាំងពីរ មិនបានជួបមុខគ្នាផ្ទាល់ តាំងតែពីមុនវិបត្តិ COVID-19 ផ្ទុះឡើងកាលពីដើមឆ្នាំ២០២០មកម្ល៉េះ៕