(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍វៀតណាម នាថ្ងៃពុធនេះ បានប្រកាសថា រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ នឹងបើកទទួលជើងហោះហើរអន្តរជាតិធម្មតាឡើងវិញភ្លាមៗតែម្តង ក្រោយផ្អាកកាលពីប៉ុន្មានថ្ងៃមុន ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១។

ដំបូងឡើយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ វៀតណាមប្រកាសផ្អាកទទួលជើងហោះហើរអន្តរជាតិទាំងអស់ មកកាន់អាកាសយានដ្ឋាន Noi Bai នៃទីក្រុងហាណូយ សម្រាប់រយៈពេលមួយសប្តាហ៍ និងមកកាន់អាកាសយានដ្ឋាន Tan Son Nhat នៃទីក្រុងហូជីមិញ រហូតដល់ថ្ងៃទី១៤ ខែមិថុនា។

អាជ្ញាធរអាកាសចរណ៍វៀតណាម មិនបានប្រាប់ពីមូលហេតុ នៅពីក្រោយការសម្រេចចិត្ត បើកទទួលជើងហោះហើរអន្តរជាតិ នៅទីក្រុងទាំងពីរ មុនពេលកំណត់បែបនេះឡើយ ប៉ុន្តែគេកត់សម្គាល់ឃើញថា ករណីឆ្លង COVID-19 ភាគច្រើន នៃរលកឆ្លងរាតត្បាតថ្មីចុងក្រោយនេះ នៅវៀតណាម គឺជាករណីឆ្លងរាតត្បាតក្នុងស្រុកផ្ទាល់ មិនមែនមកពីអ្នកដំណើរអន្តរជាតិទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញ វៀតណាមបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗ ចំនួន២៥១នាក់ ដែលនាំឲ្យតួលេខករណីឆ្លងសរុបនៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់៧,៥៧២នាក់ ក្នុងនោះស្លាប់៤៧នាក់ និងជាសះស្បើយ ៣,០៤៣នាក់៕