(ប៉េកាំង)៖ នៅថ្ងៃអាទិត្យនេះ យានអវកាសរបស់ចិន ដែលដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗ បានទៅដល់កំណាត់បន្ទប់ស្ថានីយអវកាសចិន ដោយជោគជ័យ ក្រោយចាកចេញពីផែនដី កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

យានអវកាសដឹកទំនិញ Tianzhou-2 ដែលផ្ទុកនូវរបស់របរសំខាន់ៗដូចជា ស្បៀងអាហារ គ្រឿងបរិក្ខារ និងឥន្ធនៈ ត្រូវបានបាញ់ឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-7 Y3 កាលពីវេលាម៉ោង០៩យប់ថ្ងៃសៅរ៍ម្សិលមិញ ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang ក្នុងខេត្តដីកោះ Hainan ភាគខាងត្បូងប្រទេសចិន។ បើតាមអាជ្ញាធរអវកាសចិន វាបានទៅដល់កំណាត់បន្ទប់ស្ថានីយអវកាសចិន នៅម៉ោងខ្ទង់០៥ទាបភ្លឺថ្ងៃអាទិត្យនេះ។

កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ ចិនបានបាញ់បង្ហោះកំណាត់បន្ទប់ស្នូលឈ្មោះ Tianhe ឡើងទៅទីអវកាស ដើម្បីចាប់ផ្តើមដំណើការសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនឈ្មោះថា Tiangong។ វាត្រូវការបេសកកម្មសរុបប្រហែល១០ជើង ដើម្បីសម្រេចការផ្គុំនៅក្នុងគន្លងអវកាស ហើយត្រូវគេរំពឹងថា នឹងចេញជារូបរាងព្រមទាំងអាចធ្វើប្រតិបត្តិការ បានពេញលេញទាំងស្រុង នៅមុនចុងឆ្នាំ២០២២។ ក្រោយយាន Tianzhou-2 ដឹកសម្ភារទៅដល់ហើយ ចិននឹងត្រៀមបញ្ជូនអវកាសយានិកប្រហែល០៣នាក់ ឡើងទៅកាន់ទីនោះថែមទៀត។

គួរបញ្ជាក់ថា ស្ថានីយអវកាស Tiangong ត្រូវបានអះអាងថា នឹងមានសមត្ថភាពស្ថិតក្នុងទីអវកាសបានរហូតដល់១៥ឆ្នាំ ហើយទន្ទឹមនឹងលទ្ធភាពនៃការចូលនិវត្តរបស់ ស្ថានីយអវកាសអន្តរជាតិ ISS ក្រោយឆ្នាំ២០២៨ Tiangong អាចក្លាយជាមូលដ្ឋានអវកាសតែមួយគត់ របស់មនុស្សលោកយើង នៅគន្លងអវកាសផែនដី៕