(បាងកក)៖ ការសិក្សាថ្មីមួយនៅក្នុងខេត្តភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ បានបង្ហាញលទ្ធផលឲ្យឃើញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac មានប្រសិទ្ធភាពប្រឆាំងនឹង COVID-19 បានរហូតដល់ទៅ ៨៣.៣% ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

បើតាមលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ លោក គាតធីភុម វង្សរ៉ាជិត (Kiattiphum Wongrajit) ប្រជាជន ២២ភាគរយ នៅក្នុងខេត្តភូកេតបានទទួលការចាក់វ៉ាក់សាំង Sinovac ០២ដូស ខណៈ ៤៥ភាគរយទៀតទើបចាក់បានមួយដូស។ លោក Wongrajit បានបន្ថែមទៀតថា តាមរយៈការសិក្សាលើមនុស្ស ១,៣៦៦នាក់ ដែលបានចាក់វ៉ាក់សាំង Sinovac ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងចិននេះមានប្រសិទ្ធភាពប្រឆាំង COVID-19 ៧៣.១% នៅក្នុងចំណោមអ្នកចាក់ដូសទី ១ និង ៨៣.៣% ចំពោះអ្នកដែលបានចាក់ទាំង ០២ដូសរួចរាល់។

គួរបញ្ជាក់ថា អាជ្ញាធរថៃនៅក្នុងខេត្តភូកេត បាននិងកំពុងបង្កើនការចាក់វ៉ាក់សាំង ដោយសង្ឃឹមថា អាចនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ឱ្យបានយ៉ាងហោច ៧០%ឡើងទៅ ដើម្បីអាចចាប់ផ្ដើមបើកកម្មវិធីទេសចរណ៍ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ កម្មវិធីនេះគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ៕