(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា ករណីឆ្លងវីរុស COVID-19 ភាគច្រើនដែលត្រូវបានរកឃើញ នៅក្នុងខែមេសាកន្លងទៅនេះ គឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ និងជាអ្នកតំណាងក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស មានវត្តមាន៩៣ភាគរយ ក្នុងចំណោមចំនួនសំណាកធ្វើតេស្តទាំងអស់។ រីឯសម្រាប់វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង មានតែមនុស្ស ១១នាក់ប៉ុណ្ណោះ ស្ថិតក្នុងស្រុក Tak Bai នៃខេត្ត Narathiwar ដែលបានឆ្លងវីរុសនេះ ហើយពួកគេបានស្ថិតនៅក្រោមការដាក់ឱ្យនៅ ដាច់ដោយឡែកពីគេយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសនេះដល់តំបន់ក្បែរៗនោះ។

លោកវេជ្ជបណ្ឌិត Supakit Sirilak ក៏បានគូសបញ្ជាក់បន្ថែមថា មនុស្សសរុបចំនួន ៦២នាក់ នៅទីក្រុងបាងកក ត្រូវគេរកឃើញថា បានឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា។ ការស្វែងរកត្រូវបានធ្វើឡើង បន្ទាប់ពីកម្មករសំណង់ចំនួន៣២នាក់ដំបូង ត្រូវគេរកឃើញថា បានឆ្លងវីរុសនេះ។

ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត Supakit Sirilak បានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស មិនមានភាពខុសគ្នាច្រើនពីវីរុស COVID-19 ដទៃទៀតនោះទេ ហើយវ៉ាក់សាំងបង្ការ COVID-19 នៅតែមានប្រសិទ្ធភាពដដែល ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសទាំងនេះ៕