(វ៉ាស៉ីនតោន)៖ ប្អូនស្រីរបស់លោក George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ ស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកស កាលពីខែឧសភា ឆ្នាំ២០២០ ហើយនាំឲ្យផ្ទុះបាតុកម្មកក្រើកសហរដ្ឋអាមេរិកនោះ បានធ្វើពហិកាមិនជួបជាមួយលោក ចូ បៃដិន ឡើយ ដោយនិយាយថា លោកប្រធានាធិបតីអាមេរិក បានក្បត់ពាក្យសន្យា ជុំវិញការអនុម័តច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសអាមេរិក មិនឲ្យហួសពីខួប០១ឆ្នាំនៃការស្លាប់របស់បងប្រុសខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅតាមទីក្រុងក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត បានប្រារព្ធគម្រប់ខួប០១ឆ្នាំ នៃការស្លាប់របស់ លោក George Floyd។ កន្លងមក លោក ចូ បៃដិន បានប្រកាសយកថ្ងៃអង្គារសប្តាហ៍នេះ ជាថ្ងៃផុតកំណត់សម្រាប់ការចុះហត្ថលេខាលើ ច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសអាមេរិក ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ កំពុងបន្តជាប់គាំងនៅសភាអាមេរិកនៅឡើយ។

ទោះជាបែបនេះក៏ដោយ ក្នុងឱកាសគម្រប់ខួប០១ឆ្នាំ សមាជិកដទៃទៀតរបស់លោក Floyd បានជួបជាមួយលោក បៃដិន នៅឯសេតវិមាន ដើម្បីជំរុញឲ្យលោកប្រធានាធិបតីអាមេរិក ធ្វើឲ្យច្បាប់នោះឆ្លងផុតសភា លើកតែលោកស្រី Bridgett Floyd ដែលជាប្អូនស្រីបង្កើតលោក បានសម្រេចចិត្តធ្វើពហិកា ហើយទៅចូលរួមការប្រមូលផ្តុំគ្នា នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota វិញ ក្រោមហេតុផលថា លោក បៃដិន មិនបានធ្វើដូចតាមការសន្យា។

គួរបញ្ជាក់ថា អតីតប៉ូលិសនៃទីក្រុង Minneapolis លោក Derek Chauvin ត្រូវបានគណៈវិនិច្ឆ័យសម្រេចឲ្យជាប់ពិរុទ្ធកាលពីខែមេសា ពីបទឃាតកម្មលើលោក George Floyd ក្រោយយកជង្គង់សង្កត់លើកលោក អស់រយៈពេលប្រមាណជា០៩នាទី កំលុងពេលឃាត់ខ្លួន ក្នុងករណីសង្ស័យថា លោក Floyd បានប្រើប្រាស់លុយក្លែងក្លាយ២០ដុល្លារ។ លោក Chuavin ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៤០ឆ្នាំ នៅពេលត្រូវតុលាការផ្តន្ទាទោសជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ៕