(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២២,៧៣៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩៤៧,១៨៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៥,២០៨នាក់ និងជាសះស្បើយឡើងសរុប ២៧,៦០៦,៤៤២នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមហ៊ុនអាមេរិកមួយចំនួនដូចជា Pfizer, Moderna និង Johnson & Johnson ផងដែរ កំពុងតែគិតគូរ និងធ្វើតេស្តវ៉ាក់សាំងដូសបន្ថែម ឬដូសទី ៣ ដើម្បីជំរុញប្រសិទ្ធភាពទប់ទល់ COVID-19 សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពីរដូស ឬចាក់គ្រប់ដូសរួចរាល់។ កាលពីដើមសប្តាហ៍នេះ Pfizer បានចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងដូសទី ៣ របស់ខ្លួនហើយ ដោយវានឹងត្រូវចាក់បន្ថែមលើអ្នកដែលបានចាក់ដូសទី ២ រួចរាល់នៅក្រោយរយៈពេល ១២ខែ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៤លាននាក់ (៤៩.៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣០.៦១លាននាក់ (៣៩.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕