(យូអិន)៖ ទំនិញចាំបាច់ និងជំនួយសង្គ្រោះអន្ដរជាតិដូចជា វ៉ាក់សាំងបង្ការជំងឺ COVID-19 និងក្រុមបុគ្គលិកផ្តល់ជំនួយផងដែរ ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់ហ្គាហ្សា (Gaza) ខណៈអង្គការសហប្រជាជាតិបានអំពាវនាវទៅប្រទេសអ៊ីស្រាអែល ឲ្យបើកដំណើរច្រកឆ្លងកាត់ Gaza ទាំងអស់តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

ការិយាល័យអង្គការសប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «រាល់ច្រកឆ្លងកាត់ទាំងអស់ទៅកាន់តំបន់ហ្គាហ្សា គួរតែត្រូវបានបើក និងបន្តដំណើរការដូចជាច្រកចូលនៃការផ្គត់ផ្គង់ចាំបាច់ និងការផ្គត់ផ្គង់មនុស្សធម៌ រួមទាំងប្រេងឥន្ធនៈសម្រាប់សេវាកម្មមូលដ្ឋាន និងការផ្គត់ផ្គង់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ ការបើកដំណើរការច្រកឆ្លងកាត់នេះ ក៏នឹងធានាបាននូវការចាកចេញរបស់អ្នកជំងឺ ដែលត្រូវការការព្យាបាលសង្គ្រោះជីវិត និងការចេញ-ចូលរបស់ក្រុមបុគ្គលិកមនុស្សធម៌ប៉ាឡេស្ទីន ជាពិសេសដើម្បីជួយសង្គ្រោះអ្នករងរបួសផងដែរ»

OCHA បានគូសបញ្ជាក់បន្ថែមថា «វ៉ាក់សាំងបង្ការជំងឺ COVID-19 បានដឹកជញ្ជូនឆ្លងកាត់ច្រក អេរែស (Erez) ជាច្រកដែលបើកសម្រាប់ក្រុមបុគ្គលិកមនុស្សធម៌អន្តរជាតិ ប៉ុន្តែត្រូវបានបិទសម្រាប់ក្រុមបុគ្គលិកមនុស្សធម៌ប៉ាឡេស្ទីន រួមទាំងក្រុមបុគ្គលិកដែលមកជាមួយជំនួយវេជ្ជសាស្ត្រ សម្រាប់ការព្យាបាលដែលមិនមាននៅតំបន់ហ្គាហ្សា ខណៈច្រកឆ្លងកាត់ កឺរែម ហ្សាឡូម (Kerem Shalom) គឺបើកសម្រាប់ទំនិញមនុស្សធម៌»

គួរបញ្ជាក់ថា ច្រកឆ្លងកាត់ទីក្រុង រ៉ាហ្វាហ៍ (Rafah) បានបើកនៅក្នុងទិសដៅទាំងពីរ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលអនុញ្ញាតឱ្យមានទំនិញចាំបាច់មួយចំនួន ខណៈការផ្គត់ផ្គង់ពីប្រទេសអេហ្ស៊ីប ប្រទេសគុយវ៉ែត និងបណ្តាប្រទេសដទៃទៀតក៏កំពុងត្រូវបានដឹកជញ្ជូន តាមច្រកឆ្លងកាត់ទីក្រុង Rafah នេះផងដែរ៕