(បាងកក)៖ អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។

គម្រោងដោះលែងអ្នកទោសឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នខាងលើ កើតមានឡើងនៅចំពេលករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកទោសនៅតាម ពន្ធនាគារបានកើនឡើងគួរឱ្យបារម្ភ។ បើតាមអាជ្ញាធរពន្ធនាគារ ថៃមានអ្នកទោសច្រើនជាង ៣១១,០០០នាក់ នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន ១៤៣ នៅទូទាំងប្រទេស។ រដ្ឋមន្ត្រីយុត្តិធម៌ថៃ លោក Somsak Thepsuthin បានទទួលស្គាល់ថាចំនួនអ្នកទោសបច្ចុប្បន្នគឺវាលើសពីសមត្ថភាពផ្ទុករបស់ ពន្ធនាគារដែលតម្រូវឱ្យមានការពង្រីកទំហំឡើងវិញ។

លោក Somsak បានគូសបញ្ជាក់ដូច្នេះថា៖ «អ្នកទោសដែលនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមស្ដង់ដារ ជាមុនសិន។ យើងនឹងមិនបណ្ដោយឱ្យអ្នកជំងឺ COVID-19 ចេញនោះទេ ហើយពួកគេនឹងត្រូវធ្វើតេស្ដនៅមុនពេលត្រូវដោះលែង។ រីឯការដោះលែងឱ្យ នៅក្រៅឃុំបណ្ដោះអាសន្នទៀតសោតនឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវយុត្តិធម៌»

គួរបញ្ជាក់ថា រលកថ្មី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ។ មនុស្សច្រើនជាង ១០០,០០០នាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន ១៨,០០០នាក់ជាអ្នកទោស៕