(វ៉ាស៊ីនតោន)៖ សេតវិមានប្រកាសកាលពីថ្ងៃអង្គារនេះថា ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន នឹងជួបប្រជុំគ្នាផ្ទាល់ជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៉ី វ្លាឌីមៀ ពូទីន នៅទីក្រុងហ្សឺណែវប្រទេសស្វីស នៅថ្ងៃទី១៦ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន NBC News នៅយប់ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

លេខាធិការសារព័ត៌មានរបស់សេតវិមានអាមេរិកលោកស្រី Jen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មេដឹកនាំ(ទាំងពីរ) នឹងពិភាក្សាអំពីបញ្ហាបន្ទាន់ទាំងអស់ ដោយយើងកំពុងប្រឹងប្រែងស្វែងរកការស្តារឡើងវិញ ចំពោះទំនាក់ទំនងទ្វេរគាភីសហរដ្ឋអាមេរិក-រុស្ស៉ី»

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានកើតឡើង នៅពេលដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការខ្វែងគំនិតគ្នាជាច្រើន រួមមានការបង្កើនកម្លាំងយោធារុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន ករណីពុល និងជាប់ពន្ធនាគាររបស់មេបក្សប្រឆាំងលោក Alexei Navalny ក៏ដូចជារឿងជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០១៦ និង២០២០ជាដើម។

ប្រធានាធិបតីអាមេរិកលោក បៃឌិន គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Cornwall ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា បន្ទាប់មកទៀតកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅថ្ងៃទី១៤ ខែមិថុនានៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក ដែលនេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក។ លោកក៏គ្រោងនឹងជួបជាមួយលោក ពូទីន បន្ទាប់ពីកិច្ចប្រជុំទាំងនោះផងដែរ៕