(តែលអាវីវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមដំណើទស្សនកិច្ចតំបន់មជ្ឈិមបូព៌ារបស់លោក នៅឯប្រទេសអ៉ីស្រាអែល ជាមួយក្តីសង្ឃឹមថានឹងអាចជួយពង្រឹងបទឈប់បាញ់គ្នា រវាងអ៉ីស្រាអែលហើយនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ និងពន្លឿនការផ្តល់ជំនួយមនុស្សធម៌ឲ្យទៅតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

របៀបវារៈនៃដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូតអាមេរិក រួមមានកិច្ចពិភាក្សានៅទីក្រុងហ្សេរុយសាឡឹម នាថ្ងៃអង្គារនេះ ជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល និងជំនួបជាមួយមេដឹកនាំប៉ាឡេស្ទីន នៅតំបន់វែសប៊ែង (West Bank)។ បើតាមក្រសួងការបរទេសអាមេរិក លោក Blinken ក៏នឹងបន្តឆ្ពោះទៅអេហ្ស៉ីប និងហ៊្សកដានីផងដែរ ខណៈរូបលោកនឹងស្ថិតនៅតំបន់មជ្ឈិមបូព៌ា រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សា បានប្រយុទ្ធគ្នាយ៉ាងកក្រើក អស់រយៈពេល១១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែឧសភា មុនព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ផ្តួចផ្តើមឡើងដោយអេហ្ស៉ីប ក្រោមការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ ការប្រយុទ្ធគ្នានោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោច ២៥៣នាក់ ស្លាប់នៅតំបន់ហ្គាហ្សា និងជាង ១,៩០០នាក់ទៀតរងរបួស ខណៈខាងអ៉ីស្រាអែលមានអ្នកស្លាប់តិចតួចប៉ុណ្ណោះ៕