(ព្រុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសផ្ដាច់ផ្លូវហោះហើរជាមួយប្រទេសបេឡារុស បន្ទាប់ពីរបបដឹកនាំរបស់លោក អេឡិចហ្សាដឺ លូកាសហ្សិនកូវ (Alexander Lukashenko) បានបង្ខំឱ្យយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ចុះចតនៅឯអាកាសយានដ្ឋានទីក្រុង មីនក៍ (Minsk) ដើម្បីចាប់ខ្លួនអ្នកកាសែត និងជាសកម្មជនប្រឆាំងម្នាក់ ដែលជិះលើយន្ដហោះនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបង្កឱ្យបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកថ្កោលទោសជាខ្លាំង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ តាមរយៈការបញ្ជូនយន្ដហោះចម្បាំងមួយគ្រឿង ឱ្យតាមស្ទាក់ និងបង្ខំឱ្យយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ រ៉ាយិនអ៊ែរ (Ryanair) ដែលមានគោលដៅហោះហើរពីទីក្រុងអាតែន ប្រទេសក្រិក ទៅកាន់ទីក្រុង វីលនាស (Vilnius) នៃប្រទេសលីតទុយអានី ចុះចតនៅអាកាសយានដ្ឋានទីក្រុង Minsk ប្រទេសបេឡារុស ដើម្បីចាប់ខ្លួនអ្នកកាសែតមួយរូប គឺលោក រ៉ូមែន ប្រូតាសេវិច (Roman Protasevich) និងមិត្តស្រីរបស់លោកឈ្មោះ សូហ្វីយ៉ា សាប៉េហ្គា (Sofia Sapega) ដែលជិះនៅលើនោះដែរ។

មេដឹកនាំសហភាពអឺរ៉ុបបានជួបប្រជុំគ្នាជាបន្ទាន់ ក្នុងទីក្រុងព្រុចសែលនៅថ្ងៃចន្ទដើមសប្ដាហ៍ (ម៉ោងនៅព្រុចសែល) ដោយអំពាវនាវឱ្យអាជ្ញាធរបេឡារុស ដោះលែងអ្នកទាំងពីរខាងលើ ហើយក៏បានប្រកាសពីហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍បេឡារុស មិនឱ្យហោះហើរឆ្លងកាត់ដែនអាកាសសហភាពអ៉ឺរ៉ុប ព្រមទាំងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ មានមូលដ្ឋាននៅក្នុងសហភាពអឺរ៉ុបទាំងអស់ កុំហោះហើរពីលើដែនអាកាសបេឡារុសទៀតផង។ មិនតែប៉ុណ្ណោះ មេដឹកនាំអឺរ៉ុបក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមផងដែរ បើអាជ្ញាធរបេឡារុសធ្វើតាមសំណើរបស់ពួកគេ។

គួរបញ្ជាក់ថា លោក Roman Protasevich មានអាយុ ២៦ឆ្នាំ កំពុងជាប់ឃុំក្នុងពន្ធនាគារមួយក្នុងទីក្រុង Minsk និងត្រូវបានចោទប្រកាន់ពីបទ «រៀបចំបាតុកម្មតវ៉ាដោយខុសច្បាប់» ប្រឆាំងនឹងរដ្ឋាភិបាលលោក Alexander Lukashenko និងបទល្មើសមួយចំនួនទៀត ដែលទោសទាំងនេះអាចឱ្យលោកប្រឈមមុខ «ជាប់ពន្ធនាគារ ១៥ឆ្នាំ» ប្រសិនបើត្រូវបានតុលាការបេឡារុស កាត់ទោសបែបនោះមែន៕