(រីយ៉ាដ)៖ កំពូលមេបញ្ជាការយោធាម្នាក់ របស់សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា បាននិយាយថា ស្របពេលដែលអាមេរិក កាត់បន្ថយវត្តមានយោធានៅតំបន់មជ្ឈិបូព៌ា ទីក្រុងវ៉ាស៉ីនតោនអាចនឹងផ្តល់ឱកាស ឲ្យគូប្រជែងដូចជារុស្ស៉ីនិងចិន ជាពិសេសគឺចិនតែម្តង មកបំពេញចន្លោះ ហើយពង្រីកឥទ្ធិពលជំនួសអាមេរិក នៅតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នោថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

លោក ហ៊្វ្រែង មែគឃែនហ្ស៉ី (Frank McKenzie) អគ្គបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា ដែលទើបតែបានចំណាយពេលធ្វើទស្សនកិច្ចនៅតំបន់នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មជ្ឈិមបូព៌ាជាតំបន់ប្រកួតប្រជែងយ៉ាងសំខាន់មួយ រវាងមហាអំណាចពិភពលោក។ ស្របពេលដែលសហរដ្ឋអាមេរិក ផ្លាស់ប្តូរជំហរខ្លួននៅតំបន់នេះ ចិននិងរុស្ស៉ីនឹងមើលយ៉ាងដិតដល់ថាតើ មានចន្លោះប្រហោង ដើម្បីឲ្យពួកគេទាញយកប្រយោជន៍ដែរឬទេ។

បើតាមលោក Frank ការលក់សព្វាវុធនឹងអាចជាឱកាសមួយ សម្រាប់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ។ លោកមេបញ្ជាការយោធាអាមេរិក បាននិយាយថា រុស្ស៉ីព្យាយាមលក់ប្រព័ន្ធការពារមីស៉ីល និងប្រព័ន្ធសព្វាវុធដទៃទៀត ឲ្យទៅប្រទេសនានា តាមតែអាចធ្វើទៅបាន ខណៈចិនមានគោលដៅវែងឆ្ងាយ ក្នុងការពង្រីកអំណាចសេដ្ឋកិច្ច និងបង្កើតមូលដ្ឋានទ័ព នៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ចាប់តាំងតែពីលើកកាន់អំណាចមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឲ្យដកកងទ័ពអាមេរិកទាំងស្រុងពី អាហ្វហ្គានីស្ថាន ហើយចាប់ផ្តើមពិនិត្យមើលឡើងវិញលើ វត្តមានយោធាអាមេរិកនៅអ៉ីរ៉ាក់ ស៉ីរី និងតំបន់ដទៃទៀត ជុំវិញពិភពលោក។ រដ្ឋបាលលោក បៃដិន ក៏កាត់បន្ថយការគាំទ្ររបស់អាមេរិក ចំពោះសង្រ្គាមដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែនផងដែរ ខណៈក្រសួងការពារជាតិអាមេរិក បានផ្លាស់នាវា កងទ័ព និងប្រព័ន្ធសព្វាវុធ ចេញពីប្រទេសមជ្ឈិមបូព៌ាដទៃទៀត៕