(បេឡារុស)៖ សកម្មជនប្រឆាំងបេឡារុសដ៏លេចធ្លោម្នាក់ លោក រ៉ូមែន ប្រូតាសេវីគ (Roman Protasevich) ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរដែលលោកលើជិះនៅលើនោះត្រូវបានបង្ខំឱ្យបង្វែរគោលដៅចុះចតនៅឯអាកាសយានដ្ឋានទីក្រុង Minsk ប្រទេសបេឡារុស ក្រោយមានការព្រមានពីការបំផ្ទុះគ្រាប់បែកនៅលើយន្ដហោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

បើតាមសេចក្ដីរាយការណ៍បឋម ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) បានចេញបញ្ជាផ្ទាល់ខ្លួនឱ្យយន្ដហោះចម្បាំង MiG-29 អមដំណើរយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ដឹកអ្នកដំណើរជាង១២០នាក់ ក្នុងនោះរួមមានទាំងលោក Roman Protasevich។ យន្ដហោះនេះដំបូងឡើយមានគោលដៅហោះហើរចេញពីទីក្រុងអាតែន ប្រទេសក្រិក ឆ្ពោះទៅកាន់ទីក្រុង Vilnius ប្រទេសលីតទុយអានី។

ការិយាល័យរបស់លោក Lukashenko បានបញ្ជាក់ថាមានគ្រាប់បែកនៅលើយន្ដហោះជាហេតុបង្ខំឱ្យយន្ដហោះត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានដែល នៅជិតបំផុតគឺអាកាសយានដ្ឋានទីក្រុង Minsk តែម្ដង។ តែក្រោយមកមិនបានរកឃើញគ្រាប់បែកដូចការអះអាងនោះទេ ខណៈក្រសួងមហាផ្ទៃបេឡារុសបានឱ្យដឹងថា លោក Roman Protasevich ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានទីក្រុង Minsk។ ការចាប់ខ្លួនសកម្មជនប្រឆំាងរូបនេះកំពុងរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលព្រមានថាពួកគេនឹងបើកកិច្ចពិភាក្សាបន្ទាន់មួយដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរបេឡារុស។

គួរបញ្ជាក់ថា លោក Roman Protasevich មានអាយុ២៦ឆ្នាំ ជាសហស្ថាបនិកនៃកម្មវិធីផ្ញើសារ Nexta ដែលត្រូវបានក្រុមបាតុករប្រើប្រាស់ដើម្បីប្រមូលផ្ដុំកម្លាំង ធ្វើបាតុកម្មប្រឆាំងនឹងលោក Alexander Lukashenko។ លោក Protasevich បានរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសប៉ូឡូញ បន្ទាប់ពីរដ្ឋាភិបាលបេឡារុសចាត់ទុក រូបលោកជាជនជ្រុលនិយម និងជាប់ចោទពីបទល្មើសមួយចំនួនដែលអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារ១៥ឆ្នាំ៕