(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,៧១៣នាក់ និងករណីស្លាប់ចំនួន ៣០នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២០៦នាក់ គឺជាទណ្ឌិតនៅតាមពន្ធនាគារ។ ក្រៅពីអ្នកឆ្លង និងស្លាប់ ក៏មានអ្នកជំងឺ ១,៥៦៥នាក់ ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលជាសះស្បើយផងដែរ។ គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មី បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងទៅ ថៃមានអ្នកឆ្លង COVID-19 សរុបកើនដល់ ១០៣,៣៥០នាក់។

គួរបញ្ជាក់ថា បើរាប់ចាប់តាំងពី COVID-19 បានរាលដាលចូលដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ឥឡូវនេះវិញ ថៃបានកត់ត្រាករណីឆ្លងចំនួន ១៣២,២១៣ករណី ក្នុងនោះស្លាប់ ៨០៦នាក់ និងជាសះស្បើយ ៨៦,១០០នាក់។
សម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ២.៨៧លានដូស ក្នុងនោះប្រជាជន ១.៩លាននាក់បានទទួលការចាក់ដូសដំបូង (២.៧% នៃចំនួនប្រជាជនសរុប) និង ០.៩៦លាននាក់ទទួលបានការចាក់គ្រប់ដូស (១.៤% នៃចំនួនប្រជាជនសរុប)។ ចំនួនប្រជាជនថៃសរុបគឺជិត ៧០លាននាក់៕