(ឡូសអាន់ជែឡែស)៖ រដ្ឋកាលីហ្វ័រញ៉ាដែលមានប្រជាជនច្រើនជាងគេ នៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសអំពីផែនការ បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ខណៈករណីឆ្លងនៃជំងឺ COVID-19 នៅក្នុងរដ្ឋនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

បើតាមគោលការណ៍ណែនាំថ្មីដែលត្រូវបានប្រកាសដោយ អាជ្ញាធរសុខាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ស្ទើរតែគ្រប់វិស័យឧស្សាហកម្ម និងអាជីវកម្មទាំងអស់ អាចវិលត្រឡប់មកធ្វើប្រតិបត្តិការជាធម្មតាវិញ ដោយមិនមានការកំណត់ចំនួនមនុស្ស ឬតម្រូវឱ្យរក្សាគម្លាតសុវត្ថភាពឡើយ។

ទោះជាយ៉ាងណា ករណីដែលមិនត្រូវបានលើកលែងនោះគឺ «ព្រឹត្តិការណ៍ធំៗ» ដែលនឹងអនុញ្ញាតឱ្យមានអ្នកចូលរួមមិនឲ្យលើសពី ៥,០០០នាក់នៅក្នុងព្រឹត្តិការណ៍ខាងក្នុងសាល ឬ ១០,០០០នាក់នៅក្នុងព្រឹត្តិការណ៍នៅទីវាល។ ប៉ុន្តែអ្នកចូលរួមទាំងអស់ គឺតម្រូវឱ្យមានលិខិតបញ្ជាក់ ថាខ្លួនបានចាក់វ៉ាក់សាំងពេញលេញ និងលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 មុនពេលចូលរួម។

លោក ថូម៉ាស់ អារ៉ាហ្គន (Tomas Aragon) ដែលជាមន្ត្រីសុខភាពសាធារណៈ និងជាប្រធាននាយកដ្ឋានសុខភាពសាធារណៈ នៃរដ្ឋកាលីហ្វ័រញ៉ា បានគូសបញ្ជាក់ថា «ប្រជាជនកាលីហ្វ័រញ៉ាគួរតែមានមោទនភាព ចំពោះការងារដែលយើងបានធ្វើរួមគ្នា ដើម្បីឆ្លងផុតពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។ លោក Tomas បានគូសបញ្ជាក់បន្ថែមថា «ការបន្ធូរបន្ថយវិធានការណ៍សុខភាពសាធារណៈរបស់យើង គឺអាចធ្វើទៅបានពីព្រោះយើងបានជ្រើសរើស ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នេះ ក៏ដូចជាការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថភាពរបស់យើង។ យើងសូមជំរុញឱ្យប្រជាជនកាលីហ្វ័រញ៉ា ដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង សូមប្រញាប់ប្រញាល់ទៅទទួលការចាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តអនុវត្តវិធានការណ៍សុខភាពសាធារណៈរបស់យើងជាធម្មតា ដូច្នេះយើងអាចរក្សាវឌ្ឍនភាពទៅមុខរបស់យើង ក្នុងការកម្ចាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ»។

គួរបញ្ជាក់ថា រដ្ឋកាលីហ្វ័រញ៉ាជារដ្ឋដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានចេញបទបញ្ជាឱ្យប្រជាជន ស្នាក់នៅក្នុងផ្ទះគ្រប់ៗគ្នាតែម្តង ដើម្បីទប់ទល់ការឆ្លងរីករាលដាលយ៉ាងលឿននៃជំងឺ COVID-19 កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។ កាលីហ្វ័រញ៉ាគឺជាចំណុចកណ្តាលនៃការរាត្បាត COVID-19 នៅសហរដ្ឋអាមេរិក ដែលមានចំនួនករណីឆ្លង និងស្លាប់ខ្ពស់ជាងគេបំផុត ក្នុងចំណោមរដ្ឋទាំង ៥០។

បើតាមនាយកដ្ឋានសុខភាពសាធារណៈ រហូតមកទល់ពេលនេះ រដ្ឋដែលមានប្រជាជនប្រមាណជិត ៤០លាននាក់មួយនេះ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងរដ្ឋជាង ៣.៦៧លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦១,០០០នាក់ ខណៈវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ៣៥លានដូស ត្រូវបានចាក់ជូនប្រជាជននៅទូទាំងរដ្ឋ ក្នុងនោះមានប្រជាជនជាង ១៦លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ៕