(ហាណូយ)៖ ប្រទេសវៀតណាមកំពុងព្យាយាមស្វែងរក ការជួយជ្រោមជ្រែងបន្ថែមពីសហភាពអឺរ៉ុប (EU) ដើម្បីឲ្យខ្លួនទទួលបានវ៉ាក់សាំង COVID-19 និងបច្ចេកទេសនៃការផលិត។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន VN Express នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

ក្នុងជំនួបមួយកាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំប្រទេសវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក វួង ហ្សិញ ហ៊ីវ (Vuong Dinh Hue) បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ EU ដែលកន្លងមក ជួយឲ្យវៀតណាមទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 តាមរយៈយន្តការចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។

ប៉ុន្តែនាឱកាសនោះ លោក Hue បានលើកឡើងថា អត្រានៃការចាក់វ៉ាក់សាំង ក្នុងប្រទេសវៀតណាមនៅតែមានកម្រិតទាប ហើយលោកបានបន្តថា បណ្តាប្រទេស និងក្រុមហ៊ុនទាំងឡាយដែលមានវ៉ាក់សាំងច្រើន និងបច្ចេកទេសផលិតវ៉ាក់សាំង គួរតែចែករំលែកជាមួយប្រទេសដទៃ ជាពិសេសប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19។

ឆ្លើយតបចំពោះការលើកឡើងរបស់ប្រធានរដ្ឋសភាវៀតណាម អគ្គរដ្ឋទូតអឺរ៉ុបលោក ចរជីអូ អាលីប៊ឺទី (Giorgio Aliberti) បាននិយាយថា EU គាំទ្រជាខ្លាំងចំពោះយន្តការ COVAX ហើយមកទល់ពេលនេះបានផ្តល់វ៉ាក់សាំងជិត ២.៥លានដូសហើយឲ្យមកវៀតណាម។ លោក Aliberti បានបន្តថា មុនដំណាច់ឆ្នាំនេះវៀតណាមនឹងទទួលបានវ៉ាក់សាំង COVID-19 ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសវៀតណាមកំពុងប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca ក្នុងយុទ្ធនាការចាក់បង្ការជំងឺ COVID-19។ វៀតណាម ទទួលបានវ៉ាក់សាំងសរុបជាង ២.៦លានដូស ក្នុងនោះ ១១៧,៦០០ដូស បានមកតាមរយៈកិច្ចសន្យាពាណិជ្ជកម្ម និងប៉ុន្មានទៀតគឺតាមរយៈ COVAX ហើយចាក់ជូនប្រជាជនបានជាង ១លាននាក់ ក្នុងចំណោមប្រជាជនសរុប ៩៦លាននាក់ របស់ខ្លួន។ វៀតណាមក៏កំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយខ្លួនឯងផ្ទាល់ផងដែរឈ្មោះថា ណាណូខូវ៉ាកស៍ (Nanocovax) ដែលកំពុងបន្តស្ថិតក្រោមការធ្វើតេស្តលើមនុស្ស៕