(ញូដេលី)៖ សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បានបញ្ចេញរបាយការណ៍ចុងក្រោយនៅថ្ងៃសៅរ៍នេះថា វេជ្ជបណ្ឌិតរហូតដល់ទៅ ៤២០នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងរលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដែលកំពុងស្ថិតក្នុងស្ថានការណ៍ ក្តៅគគុកនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងចំណោមវេជ្ជបណ្ឌិត ដែលបានបាត់បង់ជីវិតខាងលើនេះ យ៉ាងណាស់ ១០០នាក់ស្ថិតនៅរដ្ឋដេលី (Delhi) ដែលស្ថិតនៅជុំវិញរដ្ឋធានីញូដេលី (New Delhi)។ រលកទី ២ នៃ COVID-19 បានធ្វើឲ្យប្រទេសអាស៊ីខាងត្បូង ដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ ស្គាល់ករណីឆ្លងប្រចាំថ្ងៃ ខ្ពស់ជាងគេបំផុតក្នុងលោក រហូតដល់់ទៅជាង ៤០០,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកស្លាប់ក្នុងមួយថ្ងៃៗលើសពី ៤,០០០នាក់រហូតមកទល់នឹងពេលនេះ។

បើតាមទិន្នន័យពី IMA ចាប់តាំងពីរលកទី ១ នៃ COVID-19 បោកប្រទេសឥណ្ឌាកាលពីដើមឆ្នាំ២០២០ និងរលកទី ២ នៅក្នុងឆ្នាំ២០២១នេះ វេជ្ជបណ្ឌិតទូទាំងប្រទេសឥណ្ឌាសរុប ៨៦៤នាក់ហើយបានបាត់បង់ជីវិត ដោយសារតែការព្យាយាមបំពេញកាតព្វកិច្ច សង្គ្រោះជីវិតអ្នកជំងឺ COVID-19 រហូតដល់ដង្ហើមចុងក្រោយ។

គួររំលឹកឡើងវិញថា អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ (ពេញមួយថ្ងៃសុក្រម្សិលមិញ) មានចំនួន ៤,១៩៤នាក់ ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៥៧,២៩៩នាក់ទៀត ត្រូវបានរកឃើញផងដែរ។ ពេលនេះឥណ្ឌាមានចំនួនករណីឆ្លង COVID-19 សរុប ២៦.៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៥,៥២៥នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕