(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦០៥ករណី ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន២៤នាក់បានស្លាប់ផងដែរ ខណៈអ្នកជំងឺចំនួន ២,៩០០នាក់ ទើបតែជាសះស្បើយ និងបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រា នូវករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ១២៦,១១៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧៥៩នាក់ និងអ្នកជាសះស្បើយ ៨២,៤០៤នាក់៕